(កំពង់ស្ពឺ)៖ ក្រុមការងាររៀបចំ និងគ្រប់គ្រងកីឡាបាល់ទាត់ និងក្រុមកីឡាករបាល់ទាត់ ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបំពេញបេសកកម្មមនុស្សធម៌ ទៅកាន់សាលាបឋមសិក្សាដូង ស្ថិតនៅលើភ្នំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ឆ្នាំ២០១៨។
ការបំពេញទស្សនកិច្ចនេះ ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងជួយឧបត្ថម្ភនូវ សម្ភារសិក្សា សម្ភារកីឡា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលបានមកពីការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគ្រប់បណ្តាអង្គភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដល់សិស្សានុសិស្ស ដែលបាននិងកំពុងមានការខ្វះខាតចំនួន៦៥នាក់។
ដំណើរបេសកកម្មមនុស្សធម៌នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីមានការអនុញ្ញាតជាគោលការរបស់ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងជីវភាពរស់នៅរវាងក្រុមកីឡាករ ក៏ដូចជាមន្ត្រីរាជការរបស់ក្រសួង ជាមួយសិស្សានុសិស្សដែលរស់នៅតាមបណ្តាទីជនបទ ឬតំបន់ដាច់ស្រយាល សំដៅចូលរួមលើកស្ទួយកិច្ចការសង្គម ប្រកបដោយទឹកចិត្តសប្បុរស និងមនុស្សធម៌ ព្រមទាំងស្វែងយល់ពីសុខទុក្ខរបស់ក្មេងៗសិស្សានុសិស្សនៅតាមមូលដ្ឋាន ដែលកំពុងមានតម្រូវការឲ្យមានការផ្តល់ជំនួយជាចាំបាច់ ទាំងផ្នែកធនធានបញ្ញា ស្មារតី សុខភាព និងធនធានហិរញ្ញវត្ថុ។
ជាក់ស្តែង ស្ថិតក្នុងបរិបទនៃគំនិតផ្តួចផ្តើម ក្នុងការជំរុញ និងបង្កើនសកម្មភាពមនុស្សធម៌របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យកាន់តែសកម្ម និងខិតទៅជិតប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅតាមរយៈការប្រើប្រាស់យន្តការសប្បុរសធម៌របស់ក្រុមកីឡាករ, ក្រសួងពិតជាមានក្តីរំពឹងថា បេសកកម្មលើកនេះ នឹងឆ្លើយតបចំតម្រូវការពិតប្រាកដរបស់សិស្សានុសិស្ស ហើយការគិតគូរពីសុខទុក្ខនេះទៀតសោត ក៏ជាផ្នែកមួយក្នុងការចូលរួមក្រឿនរំលឹកឲ្យសិស្សានុសិស្ស យល់ដឹងពីការថែទាំសុខភាពផ្ទាល់ខ្លួន ដែលជាអត្ថប្រយោជន៍បានមកពីការលេងកីឡា ចៀសវាងការចំណាយពេលវេលាដ៏មានតម្លៃ ទៅលើការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដែលនាំឲ្យខូចអនាគតខ្លួនឯងផង និងរាំងស្ទះដល់កិច្ចអភិវឌ្ឍជាតិផង។
សកម្មភាពនេះ ក៏ស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ប្រកបដោយទឹកចិត្តបរិសុទ្ធ និងសីលធម៌ប្រពៃពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងទៅលើជនងាយរងគ្រោះ ហើយនេះក៏ជាការរៀបចំខ្លួនជាបណ្តើរៗក្នុងការកសាងសង្គមបរិយាប័ន្ន ប្រកបដោយភាពស្មើសិទ្ធិ និងស្មើឱកាសសេចក្តីថ្លៃថ្នូរនិងសុភមង្គលចំពោះប្រជាពលរដ្ឋខ្មែររាល់រូប ប្រកបដោយភាពសុខដុមរមនាមិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ៕