(កំពង់ស្ពឺ)៖ សិលាចារឹកបុរាណខ្មែរនាសម័យចេនឡា នៅអំឡុងសតវត្សទី៧ ដែលមានចារឹកពាក្យ «សុវណ្ណភូមិ» ហើយដែលជាសម្បត្តិបេតិកភណ្ឌ និងជាភស្តុតាងដ៏សំខាន់បំផុតរបស់ជាតិកម្ពុជានោះ ត្រូវបានដង្ហែយកមករក្សាទុកនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាពហើយ ក្រោយទទួលពីព្រះសង្ឃ និងប្រជាពលរដ្ឋនៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ការដង្ហែសិលាចារឹកដ៏សំខាន់ខាងលើទៅកាន់សារមន្ទីរជាតិនេះ ធ្វើឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ជាមួយនឹងវត្តមានប្រជាពុទ្ធបរិស័ទ ព្រះសង្ឃ មន្ត្រីរាជការជាច្រើននាក់ចូលរួមដង្ហែផងដែរ។
សិលាចារឹកខាងលើនេះ ជាសិលាចារឹកដ៏សំខាន់បំផុតមួយផ្ទាំង ក្នុងចំណោមបុរាណខ្មែរទាំង៣៦ផ្ទាំង ដែលមានចារឹកពាក្យ «សុវណ្ណភូមិ»។ ដើមឡើយ សិលាចារឹកនេះត្រូវបានរកឃើញក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រួចយកទុកនៅវត្តគិរីស្តេចគង់ ស្ថិតក្នុងឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ហើយត្រូវបានព្រះគ្រូចៅអធិការវត្តគិរីស្ដេងគង់ ព្យាយាមលាក់ទុកពីការស្នើសុំរបស់អាជ្ញាធរ នាពេលថ្មីៗនេះ (អាជ្ញាធរស្នើសុំដើម្បីយកមករក្សាទុកនៅសារមន្ទីរ»។
នេះក៏ដោយសារព្រះសង្ឃ និងប្រជាពលរដ្ឋនៅទីនោះមានជំនឿថា ចាប់តាំងពីគេយកសិលាចារឹកនោះ មកតម្កល់ទុកនៅក្នុងវត្តគិរីស្ដេចគង់មក ទឹកដីនៅទីនោះមានភាពត្រជាក់ត្រជុំ ហើយប្រជាពលរដ្ឋក៏តែងគោរពបន់ស្រន់ចំពោះសិលាចារឹកនោះ ទុកដូចជាវត្ថុស័ក្តិសិទ្ធិយ៉ាងដូច្នេះឯង។
ហេតុដូច្នេះហើយ បានជានៅពេលដែលអាជ្ញាធរស្នើសុំសិលាចារឹក យកមករក្សាទុកជាសម្បត្តិជាតិវិញ ព្រះសង្ឃ និងប្រជាពលរដ្ឋមិនព្រមប្រគល់ជូនវិញឡើយ ថែមទាំងយកសិលាចារឹកនោះទៅកប់លាក់ក្រោមព្រះវិហារថែមទៀត។ ប៉ុន្តែដោយមានការអន្តរាគមន៍ និងការពន្យល់សព្វគ្រប់ពីសំណាក់សម្ដេចព្រះសង្ឃរាជ ព្រមទាំងការទទួចស្នើសុំពីសំណាក់អាជ្ញាធរ និងពន្យល់ពីតម្លៃដ៏មហាសាលមិនអាចកាត់ថ្លៃនៃសិលាចារឹកខាងលើផងនោះ ទើបព្រះគ្រូចៅអធិការវត្តគិរីស្ដេចគង់ និងប្រជាពលរដ្ឋយល់ព្រមប្រគល់ជូនអាជ្ញាធរវិញ ដើម្បីយកមករក្សាទុកនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ ដែលជាវិមានតម្កល់សម្បត្តិបេតិកភណ្ឌដ៏ធំបំផុតរបស់ជាតិកម្ពុជា។
ហេតុអ្វីបានជាសិលាចារឹកមួយផ្ទាំងនេះ ត្រូវបានចាត់ទុកជាសម្បត្តិមានតម្លៃយ៉ាងមហាសាលសម្បើមម្ល៉េះ? ចំណុចត្រូវបានពន្យល់យ៉ាងដូច្នេះថា៖
ដោយផ្អែកតាមសិលាចារឹករបស់ព្រះបាទអសោក នៃប្រទេសឥណ្ឌានាសម័យបុរាណ ដែលបានចារនៅឆ្នាំ២៣០ នៃពុទ្ធសករាជ (មុនគ្រិស្តសករាជ ៣១៣ឆ្នាំ) បានបញ្ជាក់ថា ព្រះអង្គបានបញ្ជូនសមណទូតចំនួន ២អង្គ ចេញទៅផ្សព្វផ្សាយធម៌ព្រះពុទ្ធសាសនាដល់ជ្រោយ «សុវណ្ណភូមិ»។ ពាក្យនេះត្រូវបានប្រវត្តិវិទូអន្តរជាតិទាំងឡាយ កំពុងតែតាមរកដែនដីនេះ ប៉ុន្តែរាប់សតវត្សមកហើយ នៅតែមិនអាចកំណត់បានថា «ដែនដីសុវណ្ណភូមិនោះនៅទីណាឱ្យប្រាកដនៅឡើយ» ហើយក៏ត្រូវបានប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍យកទៅប្រើប្រាស់ ហើយអះអាងថាខ្លួនជាដែនដីសុវណ្ណភូមិរៀងៗខ្លួន។
យ៉ាងណាមិញ អ្នកជំនាញខាងសិលាចារឹកខ្មែរមួយរូប គឺលោក វង្ស សុធារ៉ា បានអះអាងថា លោកបានរកឃើញសិលាចារឹកបុរាណរបស់ខ្មែរមួយ ដែលចារឹកនៅឆ្នាំ៦៣៣ នៃគ្រិស្តសករាជ។ សិលាចារឹកនោះសរសេរថា «សុវណ្ណភូមិ ស្ថិតក្រោមការត្រួតត្រារបស់ស្តេចខ្មែរមួយអង្គព្រះនាម ឦសានវរ្ម័ន (ទី១) ដែលបានរកឃើញនៅវត្តគិរីស្តេចគង់ ហៅវត្តបឹង ឃុំបរសេដ្ឋ និងឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ថ្មីៗនេះ»។
លោកសាស្ត្រាចារ្យបាននិយាថា «មនុស្សដែលគ្មានមោទនភាពជាតិអាចសើចចំអក ហើយគិតថាវាគ្មានតម្លៃ។ តែខ្ញុំចង់ឲ្យជនរួមជាតិខ្មែរមានមោទនភាពជាតិឡើង ដោយមើលគំរូដូនតាដ៏ឈ្លាសវៃ និងខ្លាំងពូកែពីបុរាណ។ សុវណ្ណភូមិ ប្រហែលមិនគ្រាន់តែជាឈ្មោះប្រទេសខ្មែរពីបុរាណប៉ុណ្ណោះទេ តែវាក៏ជាមនោគមវិជ្ជាមួយរបស់អ្នកដឹកនាំប្រទេសធំ មានជាតិពន្ធុច្រើន ដោយត្រូវជ្រើសរើសនាមអង្គភូមិសាស្ត្រថ្មីមួយ ដែលមិនទាក់ទងនឹងសារសំខាន់ នៃនាមជាតិពន្ធុអម្ចាស់ប្រទេស ដើម្បីទាក់ទាញការចូលរួម ឬសាមគ្គីភាពគ្នាបែបដូចកម្វុជទេស និងឥណ្ឌូចិនជាដើម។ ដំបូងខ្ញុំគិតថា មានតែព្រះបាទជយវម៌្មទី២ ឬបារាំងទេ ដែលចេះបង្កើតមនោគមវិជ្ជាបែបនេះ ដើម្បីគ្រប់គ្រងប្រទេសពហុជាតិពន្ធុ តែប្រហែលគំនិតបែបនេះ កើតមានតាំងពីសម័យមុនអង្គរម្ល៉េះ បើសិនប្រទេសខ្មែរពេលនោះជាសុវណ្ណភូមិមែន»។