(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata បានសម្រេចសមិទ្ធិផលដំបូងគេក្នុងទីផ្សារមួយទៀតហើយ មុននឹងដល់ពេលដំណាច់ឆ្នាំនេះ ដោយក្រុមហ៊ុនបានក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលដាក់ឲ្យដំណើការសេវា eSIM។
នេះទើបតែកន្លងផុតទៅបានពីរបីថ្ងៃប៉ុណ្ណោះ ដែលក្រុមហ៊ុន Smart បានផ្ដល់ជូនកម្មវិធី Smart Wi-Fi Calling ដែលជាសេវា Voice over Wi-Fi (VoWi-Fi ) ដែលអនុញ្ញាតឱ្យអតិថិជនក្រុមហ៊ុន Smart ទាំងអស់ធ្វើការហៅចេញឬទទួលការហៅចូល និងផ្ញើសារតាមរយៈការភ្ជាប់ប្រព័ន្ធ Wi-Fi នានានៅលើពិភពលោក។
ចាប់ពីរសៀលថ្ងៃស្អែកតទៅ អតិថិជនក្រុមហ៊ុន Smart អាចចុះឈ្មោះប្រើប្រាស់សេវា Smart eSIM នៅ Smart Shop ផ្លូវមុនី្នវង្សបានហើយ។ អតិថិជនក្រុមហ៊ុន Smart ទាំងអស់ដែលមានឧបករណ៍អេឡិចត្រូនិចដែលអាចប្រើប្រាស់សេវា eSIM បាន អាចប្រើប្រាស់លេខទូរស័ព្ទចំនួនពីរខ្សែបានយ៉ាងងាយស្រួល។
ឧបករណ៍អេឡិចត្រូនិចដែលអាចប្រើប្រាស់ជាមួយ eSIM រួមមាន ទូរស័ព្ទiPhone សេរីថ្មីបំផុតដូជា iPhone XS, XS Max និង XR។ ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចជាច្រើនទៀត នឹងដាក់បញ្ចូលសេវា eSIM នៅក្នុងអំឡុងខែក្រោយៗទៀត ដោយអតិថិជនអាចចុះឈ្មោះបាននៅ Smart shop ទូទាំងប្រទេសកម្ពុជា។
eSIM គឺជាស៊ីមដែលមានស្តង់ដារលំដាប់ពិភពលោកដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ស៊ីមដោយមិនចាំបាច់បញ្ចូលបន្ទះ ស៊ីមកាតទៅក្នុងឧបករណ៍អេឡិចត្រូនិចរបស់ពួកគេឡើយ។ eSIM ក៏ជាផ្នែកដ៏សំខាន់ណាស់ដែរនៃឧបករណ៍ទាំងឡាយដែលអាចភ្ជាប់ទំនាក់ទំនងគ្នា បានតាមអីុនធើណេតនិងដែលអាចបញ្ជាបានដោយកម្មវិធីក្នុងទូរស័ព្ទដៃ ដែលត្រូវការភ្ជាប់អីុនធើណេតភ្លាមៗ។
លោក ថូម៉ាស់ ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានចាត់ទុកការដាក់ឱ្យដំណើរការស៊ីមអេឡិចត្រូនិចនេះ ជាការបោះជំហានដ៏សំខាន់មួយទៀត នៃដំណើរដ៏វែងឆ្ងាយរបស់ក្រុមហ៊ុន Smart ឆ្ពោះទៅកាន់ការក្លាយខ្លួនជាជើងឯកឌីជីថលប្រចាំប្រទេសកម្ពុជា។ លោកបានបន្ថែមថា ក្រុមហ៊ុន Smart មានបំណងចង់ធ្វើជាមធ្យោបាយដែលអតិថិជនត្រូវការជាងគេបង្អស់ ដើម្បីចូលទៅប្រើប្រាស់សេវាកម្មឌីជីថលផ្សេងៗ ព្រមទាំងចង់ធ្វើជាក្រុមហ៊ុនកំសាន្ដឌីជីថលដែលផ្ដល់បច្ចេកវិទ្យាទំនើបៗជូនដល់អតិថិជនផងដែរ។
លោក ថូម៉ាស់ ហ៊ុន បានថ្លែងថា «eSIM ជាមធ្យោបាយដ៏សំខាន់ដែលផ្ដល់កំណើតដល់បច្ចេកវិទ្យាជំនាន់ថ្មីដែលនឹងធ្វើអោយជីវិតមនុស្សកាន់តែងាយស្រួល។ ក្រុមហ៊ុន Smart មានមោទនភាពក្នុងការប្រកាសនាថ្ងៃនេះថា អតិថិជនរបស់យើង នឹងអាចរីករាយជាមួយនឹងសេវាកម្មថ្មីនេះ ក៏ដូចជាទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតពីសេវាកម្មនេះផងដែរ»។
លោកបន្តថា ដោយមានលក្ខណៈខុសពីការដាក់ឱ្យដំណើរការ eSIM ដទៃទៀតដែលបើកដំណើរការតាមរយៈកម្មវិធីណាមួយក្នុងទូរស័ព្ទដៃ។ ដោយឡែក អតិថិជនរបស់ Smart នឹងទទួលបានសេវាកម្មនេះយ៉ាងពេញលេញតែម្ដង នូវបទពិសោធន៍ដើមនៃការប្រើប្រាស់ eSIM ដែលស្របទៅតាមស្ដង់ដាររបស់សមាគមឧស្សាហកម្មអន្តរជាតិនានាដូចជា GSMA ជាដើម។
លោកបន្ថែមថា «តាមរយៈការដាក់ឱ្យដំណើរការសេវាកម្មនេះ យើងខ្ញុំបាននឹងកំពុងធ្វើឱ្យក្រុមហ៊ុន Smart និងប្រទេសកម្ពុជាទាំងមូល កាន់តែជឿនលឿនដូចទៅនឹងប្រទេសដែលជឿនលឿនបំផុតក្នុងពិភពលោកផងដែរ»។
លើសពីនោះ លោក ថូម៉ាស់ បានឲ្យដឹងទៀតថា ពីមានការដាក់បញ្ចូល eSIM របស់ Smart នារសៀលថ្ងៃស្អែក ទៅក្នុងទូរស័ព្ទiPhoneសេរ៊ីចុងក្រោយបង្អស់ ព្រមទាំងឧបករណ៍ទាំងឡាយ ដែលអាចភ្ជាប់ទំនាក់ទំនងជាមួយស៊ីមនេះបាន នាពេលអនាគតខាងមុខ eSIM ក៏នឹងមានដាក់បញ្ចូលទៅក្នុងឧបករណ៍ជាច្រើនផ្សេងទៀតផងដែរ ដូចជា laptop ឧបករណ៍ក្មេងលេង រថយន្ត ទូរទឹកកក និងឧបករណ៍ក៏ដូចជាស៊ែនស័រដែលអាចភ្ជាប់ទំនាក់ទំនងគ្នាតាមអីុនធើណេតផ្សេងៗទៀតផងដែរ។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់Smart តាមរយៈ www.facebook.com/SmartAxiata ឬ ចូលទៅកាន់គេហទំព័រ www.smart.com.kh ៕