(ភ្នំពេញ)៖ ក្រុមហ៊ុន Blue Media Films (Cambodia) Co., Ltd បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន JMG Media Group ប្រទេសថៃ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។
ពិធីចុះអនុស្សារណៈនេះ បានធ្វើឡើងនៅការិយាល័យ Blue Media Films (Cambodia) Co.,Ltd ក្រោមវត្តមាន លោកស្រី ខែក ខេមរ៉ាត នាយិកាក្រុមហ៊ុន Blue Media Films (Cambodia) Co.,Ltd និងលោក Ong Ath Vongsay (Jacky Ong) ប្រធាន និងជាយកប្រតិបត្តិនៃសម្ព័ន្ធ JMG Media Group។
អនុស្សារណៈនេះ ចុះលើ៣ចំណុចសំខាន់ៗសម្រាប់ឆ្នាំ២០១៩៖
១៖ កិច្ចសហការរៀបចំវេទិកា CLMVT
២៖ ការវិនិយោគ Baidu Platform ប្រទសចិនជាមួយកម្ពុជា
៣៖ សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម (Media Placement) ពីប្រទេសថៃមកប្រទេសកម្ពុជា ពីកម្ពុជាមកប្រទេសថៃ។
តាមរយៈកិច្ចសហការនេះ Blue Media នឹងទទួលបានអតិថិជនពីក្នុងតំបន់ក្នុងការធ្វើការផ្សព្វផ្សាយផលិតផលឬសេវាកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយកម្ពុជា។ ភាគីទាំងពីរ នឹងចូលរួមភាពជាដៃគូអាជីវកម្ម ដើម្បីទំនាក់ទំនងជាមួយក្រុមហ៊ុននៅក្នុងតំបន់ដែលមានតម្រូវការក្នុងការផ្សព្វផ្សាយនៅកម្ពុជា និងរួមគ្នាសហការរៀបចំវេទិកា CLMVT (Cambodia, Lao, Myanmar, Vietnam, and Thailand) ដែលធ្វើឡើងនៅក្នុងប្រទេសថៃនៅឆ្នាំ២០១៩ នឹងគ្រោងធ្វើនៅកម្ពុជាក្នុងឆ្នាំ២០២០។
នៅក្នុងពិធីនេះ លោក Ong Ath Vongsay (Jacky Ong) ប្រធាន និងជាយកប្រតិបត្តិនៃសម្ព័ន្ធ JMG Media Group បានថា បច្ចុប្បន្ន វិស័យប្រព័ន្ធផ្សព្វផ្សាយបានចូលរួមចំណែកជួយកំណើនសេដ្ឋកិច្ចបានយ៉ាងច្រើន។ កន្លងមក JMG បានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗរួចមកហើយ នៅតែប្រទេសកម្ពុជាមួយប៉ុណ្ណោះ។
លោក Ong Ath Vongsay ថ្លែងបន្តទៀតយ៉ាងដូច្នេះថា «មូលហេតុចម្បង ដែលយើងចង់សហការជាមួយក្រុមហ៊ុនប្លូមេឌា គឺដើម្បីបង្កភាពងាយស្រួលទាំងអស់គ្នា ព្រោះកន្លងមកនៅពេលមានអតិថិជនចង់រកប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ត្រូវយកពីនេះ ត្រូវយកពីនោះ តែបន្ទាប់ពីចុះMoUនេះ ឲ្យតែមានអតិថិជនចង់រកប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា យើងមានប្លូមេឌាធ្វើការនេះស្រាប់តែម្តង» ។
លោកស្រី ខែក ខេមរ៉ាត នាយិកាក្រុមហ៊ុន Blue Media Films (Cambodia) Co., Ltd បានថ្លែងអំណរគុណដល់លោក Ong Ath Vongsay ដែលជ្រើសរើសក្រុមហ៊ុន ប្លូមេឌា ធ្វើជាដៃគូអាជីវកម្មរបស់ខ្លួន។
ក្រុមហ៊ុន JMG Media Group ដែលមានការិយាល័យនៅទីក្រុងបាងកកប្រទេសថៃ គឺជាសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំមួយ ដែលមានសក្តានុពលលើជំនាញធ្វើពាណិជ្ជកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ (Advertisement) នៅក្នុងប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងចិន។ លើសពីនេះ ក្រុមហ៊ុនមានការផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្មដ៏រឹងមាំជាមួយក្រុមហ៊ុនធំរបស់ខ្លួន ដែលមានឈ្មោះថា JBN Global Group Co., Ltd ទៀតផង៕