(កំពង់ធំ)៖ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យក្រុមការងារទីស្នាក់ការកណ្ដាល រួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងអ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួន ៣,៧១៤គ្រួសារ ដែលមកពី ៩០ភូមិ ក្នុងចំណោម ២៦ឃុំ/សង្កាត់ របស់ស្រុក/ក្រុងចំនួន៥ នៃខេត្តកំពង់ធំ។
នាឱកាសជួបសំណេះសំណាលនោះ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង និងលោកវេជ្ជ. អ៊ុយ សំអុន នាយករងនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹក និងបានពាំនាំនូវសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនប្រជាពលរដ្ឋដែលមានខ្លឹមសារដូចតទៅ៖
*សូមឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ មានអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែលមានជីវជាតិ ផឹកទឹកឆ្អិន ហេីយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ជាមួយគ្នានេះ ត្រូវគេងក្នុងមុងជានិច្ច ការពារកុំឱ្យមូសខាំ ជៀសវាងកើតជំងឺគ្រុនចាញ់-និងជំងឺឆ្លងផ្សេងៗ។
*សូមប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន។
*ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់ និងលេបថ្នាំឱ្យបានគ្រប់ចំនួនដង ទៅតាមការណែនាំរបស់គ្រូពេទ្យ។
*សូមប្រជាពលរដ្ឋ ខិតខំប្រកបរបរបង្កបង្កើនផល ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ។
ជាមួយគ្នានេះដែរ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ តំណាងឱ្យប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលតែងតែគិតគូរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើង ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ និងសូមជូនពរសម្ដេច ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ចំពោះអំណោយ ដែលបានផ្ដល់ជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ និងថវិកាមួយចំនួនផងដែរ៕