(កណ្តាល)៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកណ្តាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នេះ ចាប់ផ្តើមចេញដំណើរវគ្គបណ្តុះបណ្តាលរបស់ខ្លួន អំពី «គោលការណ៍ជាសាកលនៃអភិបាលកិច្ច និងអភិបាលកិច្ចល្អ» ដើម្បីតំរង់ទិសដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រមាណ ៨០០ រូប ដោយចាប់ផ្តើមវគ្គដំបូងនៅស្រុកកៀនស្វាយ ដែលមានសមាជិកក្រុមប្រឹក្សាស្រុក មេឃុំនិងសមាជិកក្រុមប្រឹក្សាឃុំចំនួន ៧០ រូប ចូលរួម។
វគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃ រៀបចំឡើងនៅសាលាស្រុកសាលាស្រុកកៀនស្វាយ ដល់សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំចំនួន ៧០ រូប មកពីឃុំទាំង ៨ នៃស្រុកកៀនស្វាយ។
លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកណ្តាល បានថ្លែងថា ការបណ្តុះបណ្តាលលើមេរៀនទាំងពីរ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព របស់សមាជិកក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាឃុំអំពីគោលនយោបាយនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យរបស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លុះបញ្ចាំងអំពីការអនុវត្តជាក់ស្តែងនៅថ្នាក់ក្រោមជាតិ។
លោក គង់ ឆេង គូសបញ្ជាក់ថា មេរៀនដែលសមាគមយកមកបណ្តុះបណ្តាលក្រុមប្រឹក្សានេះ ត្រូវបានរៀបចំឡើងដោយជំនាញការជាតិ-អន្តរជាតិ ក្រោមការគាំទ្រពី EU-UNDP នៅកម្ពុជា។ ខ្លឹមសារមេរៀនរួមមាន៖ សង្គមល្អ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម វិមជ្ឈការនិងវិមជ្ឈការនៅកម្ពុជា តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងការធ្វើផែនការរបស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់។
លោក គង់ ឆេង ថ្លែងបន្តថា សមាគមនឹងបន្តវគ្គបែបនេះនៅ ១០ ក្រុង ស្រុកផ្សេងទៀត ដោយវគ្គទី២ នឹងត្រូវធ្វើឡើង នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅស្រុកខ្សាច់កណ្តាល ដល់សមាជិកក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល ព្រមទាំងមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ សរុបចំនួន ៩០ រូប មកពី ១៨ ឃុំ ក្នុងស្រុកខ្សាច់កណ្តាល។
សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សា ក្នុងគោលដៅផ្តល់សេវាមានប្រសិទ្ធភាពដល់សមាជិក។
បច្ចុប្បន្ន ក្រុមប្រឹក្សាក្រុង ស្រុក ចំនួន១១ និងក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១២៧ នៅទូទាំងខេត្តកណ្តាល គឺជាសមាជិករបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល៕