(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគបាលនៃនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនបរទេសប្រុស.ស្រី ២នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធ ករណីដឹកគ្រឿងញៀនឆ្លងដែន ចូលមកកម្ពុជា ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជសក់ថា ជនសង្ស័យទី១៖ឈ្មោះ TASDELEN ONDER ភេទប្រុស អាយុ៣៧ឆ្នាំ, ទី២៖ ឈ្មោះ ANJERLA ORIBJANOVNA ភេទស្រី អាយុ២៩ឆ្នាំ ។ ចំណែកជនសង្ស័យដែលជានារីកម្ពុជា ឈ្មោះ មុំ សុភា អាយុ ២៨ ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត កំពុងត្រូវសាកសួរបន្ដ ពីសមត្ថកិច្ចជំនាញនៅឡើយ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ នគបាលនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង បានសហការជាមួយ កម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត បើកប្រតិបត្តិការបង្ក្រាបគ្រឿង ញៀនមួយករណី ដកហូតបានថ្នាំសរុបជាង២,០០០គ្រាប់ ដែលគ្រឿងញៀនទាំងនោះ គេផ្ញើមកពីក្រៅប្រទេស នៅចំណុចសាខាប្រៃសណីយ៍ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត។
ជាលទ្ធផលកម្លាំងនគរបាលជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ ស្រីចំនួន ០២ នាក់ (ក្នុងនោះជនបរទេស ០២ នាក់ ) និងដកហូតថ្នាំញៀនអ៊ិចស្ត្រាស៊ីល ចំនួន ១,៥០៣ គ្រាប់ និងទឹកថ្នាំ សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតតាមីន ចំនួន ០១ កញ្ចប់ធំ។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានបន្តទៅឆែកឆេរនៅហាង FIREFLY ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥០០ គ្រាប់បន្ថែម ទៀត រួមនឹងថ្នាំសង្ស័យជាសារធាតុញៀនចំនួន ១៨០ គ្រាប់ និងម៉ាទឹកកកទម្ងន់ចំនួន ២៦៤,៨៦ ក្រាម។
សូមបញ្ជាក់ថាសំណុំរឿងនេះ កំពុងស្ថិត ក្នុងចំណាត់ការរបស់លោក ឡុង ជៀប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ៕