(ភ្នំពេញ)៖ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ បានឱ្យដឹងថា អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្តើមចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
សីតុណ្ហភាព នៅតាមបណ្តាខេត្តមួយចំនួន មានការចុះត្រជាក់ផ្សេងៗគ្នា ក្នុងនោះ ខេត្តមណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និងប៉ៃលិន អាចត្រជាក់ខ្លាំងជាងគេរហូតដល់១៧-១៩ អង្សាសេ។ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កោះកុង និងក្រចេះ គឺសីតុណ្ហភាពអប្បបរមា ២០-២២ អង្សារសេ និង អតិបរមា ២៦-២៧ អង្សារសេ ហើយបណ្តារាជធានី និងខេត្តដទៀត សីតុណ្ហភាពអប្បបរមា ២១-២៣ អង្សារសេ និងសីតុណ្ហភាពអតិបរមា ២៧-២៨ អង្សារសេ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ចំពោះសីតុណ្ហភាពត្រជាក់តែបនេះ ជាពិសេសវីរកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម៖