(ភ្នំពេញ)៖ ក្រោយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសយុទ្ធនាការទ្រង់ទ្រាយធំ នៅក្នុងរាជធានីភ្នំពេញ ថានិងចាប់ផ្តើមសកម្មភាពជួសជុលគ្រលុកសំបុកមាន់នៅលើផ្លូវលេខ៥៥២ ផ្លូវលេខ២៧១ និងផ្លូវលេខ២៧៣ ក្នុងសង្កាត់ទួលសង្កែ, លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ នារសៀលថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ បានកោះហៅអភិបាលរងខណ្ឌ ប្រធានតាមបណ្ដាការិយាល័យជុំនាញចំណុះខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង និងមន្ត្រីពាក់ព័ន្ធ ដើម្បីបើកកិច្ចប្រជុំមួយភ្លាមៗ ដោយផ្តោតសំខាន់លើរបៀបវារៈ ដូចជាចាត់ចែងផែនការចុះពិនិត្យស្ថានភាពផ្លូវ និងស្រង់ស្ថិតិផ្លូវ មានជង្ហុគ សំបុកមាន់ក្នុងមូលដ្ឋានសង្កាត់ទាំង៧ ដើម្បីឲ្យរដ្ឋបាលខណ្ឌ ពិសេសរដ្ឋបាលរាជធានីភ្នំពេញ មានមូលដ្ឋានក្នុងការចុះជួសជុល ទាំងបញ្ហាអគ្គិសនីនៅតាមបណ្តាតូបផ្សារនានា រួមជាមួយបញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យក្នុងមូលដ្ឋាន។ល។
ក្នុងកិច្ចប្រជុំនេះ លោក ជា ពិសី បានជម្រុញឲ្យប្រធានតាមបណ្ដាការិយាល័យជុំនាញ និងមន្ត្រីពាក់ព័ន្ធនានា ធ្វើយ៉ាងណារៀបចំពន្លឿនផែនការចុះត្រួតពិនិត្យ ក្នុងការស្រង់ស្ថិតិផ្លូវ ដែលមានជង្ហុគ កើតមានជាសំបុកមាន់ នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌ ឲ្យបានរួចរាល់ជាស្ថាពរអំពីស្ថានភាពជាក់ស្ដែង ដើម្បីបានជាដើមទុន សម្រាប់រដ្ឋបាលខណ្ឌ ពិសេសរដ្ឋបាលរាជធានីភ្នំពេញ បានបន្តយុទ្ធនាការជួសជុលផ្លូវ ជាលក្ខណៈទ្រង់ទ្រាយធំ ដែលនិងចាប់ផ្ដើមពីពេលនេះតទៅហើយ។
ជាមួយគ្នានេះ លោក ជា ពិសី បានជម្រុញឲ្យមន្ត្រីយកចិត្តទុកដាក់ ទៅលើបញ្ហាអគ្គិសនីនៅតាមបណ្តាតូបផ្សារនានា និងគ្រប់គោលដៅប្រជាការពារ ក្នុងការសម្អាតរាល់កាកសំណល់សំរាមផ្សេងៗ និងប្រើរថយន្ដបាញ់ទឹកលាងសម្អាតតាមដងផ្លូវតូច-ធំជាប្រចាំផងដែរ តាមលទ្ធភាពដែលអាចធ្វើទៅបាន ក្រោយពីក្រុមហ៊ុនស៊ីនទ្រី បានប្រមូលសំរាមសល់កាកសំណល់ ក្នុងកិច្ចសហការគ្នាល្អ ពីគ្រប់មជ្ឃដ្ឋានពាក់ព័ន្ធ ដើម្បីនិងផ្សព្វផ្សាយ អប់រំ ណែនាំគ្រប់ទីតាំងអាជីវកម្ម ចំណតរថយន្ត អ្នកលក់ដូរ ម៉ូតូឌុប ម៉ូតូកង់បី និងប្រជាពលរដ្ឋទាំងអស់ ដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឲ្យចូលរួមសហការ និងថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យក្នុងមូលដ្ឋាន ឲ្យកាន់តែប្រសើរបន្ថែមទៀត៕