(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានបង្ហាញពីគន្លឹះផ្សេងៗ ដើម្បីទាញយកផលប្រយោជន៍ពីវិស័យ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែលការទាញយកផលប្រយោជន៍ ពីវិស័យទាំងនេះនឹងជួយឲ្យកំណើនសេដ្ឋកិច្ចកើនឡើង។
ការលើកឡើងបែបនេះរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៥ស្ដីពី «ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា» ដែលរៀបចំឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។
លោកស្រី ជា សិរី ឲ្យដឹងថា «ធាតុផ្សំដែលអាចជួយឲ្យកំណើនសេដ្ឋកិច្ចនៃកម្ពុជាគឺ ធ្វើយ៉ាងណាទាញឲ្យផលប្រយោជន៍ ពីវិស័យធំៗដែលគាំទ្រសេដ្ឋកិច្ចឲ្យបានច្រើនជាងមុនដូចជា វិស័យទេសចរណ៍ជាដើមគឺ ធ្វើយ៉ាងណាទាញយកប្រយោជន៍ ពីវិស័យទេសចរណ៍ឲ្យកាន់តែច្រើន»។
លោកស្រី ជា សិរី បានពន្យល់លម្អិតពីការទាញយកប្រយោជន៍ ពីវិស័យទេសចរណ៍ថា ប្រសិនបើទេសចរចូលមកកម្ពុជា បែរជាប្រើប្រាស់របស់ដែលនាំចូល នោះការចំណេញនៅមានតិចតួចនៅឡើយ ដូច្នេះកម្ពុជាគួរមានដំណោះស្រាយ និងរកវិធីសាស្រ្ដដទៃទៀត ដែលអាចជួយឲ្យកំណើនសេដ្ឋកិច្ចកើនឡើង ឧទាហរណ៍ថាកម្ពុជាអាចចាប់យកវិស័យទេសចរណ៍ ភ្ជាប់ជាមួយវិស័យកសិកម្ម ដើម្បីជំរុញការផលិតការផលិតក្នុងស្រុក យកទៅផ្គត់ផ្គង់តាមកន្លែងផ្សេងៗដូចជា ប្រើប្រាស់ក្នុងសណ្ឋាគារជាដើម។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ជំនាញសាកលគ្រប់គ្រងផ្នែកម៉ាកក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃ ធនាគារពិភពលោក បានលើកឡើងថា មានវិស័យជាច្រើនដែលអាចជួយឲ្យ កំណើនសេដ្ឋកិច្ចកាន់តែកើនឡើង។ ដូចអ្នកទាំងអស់គ្នាឃើញវិស័យកសិកម្មមានដូចជា៖ រោងចក្រកែច្នៃដំឡូងមី, ដំណាំស្វាយ, ដំណាំចេក វិស័យទាំងនេះអាចនាំចេញទៅក្រៅប្រទេស ដោយមិនចាំបាច់ពឹងផ្អែកប្រទេសជិតខាង ហើយនេះជាការជួយដល់កំណើនសេដ្ឋកិច្ច។
លោកបន្ដថា លើសពីនេះក៏មានវិស័យឧស្សហកម្មលើវិស័យ អេឡិចត្រូនិក ថ្មីៗនេះមានក្រុមហ៊ុនពីបណ្ដាប្រទេសមក បង្គុំអេឡិចត្រូនិកនៅកម្ពុជា និងមួយទៀតគឺវិស័យទេសចរណ៍ជាក់ស្ដែងកម្ពុជា ទទួលបានភ្ញៀវទេសចរបន្ថែមទៀតគឺ ស្ថិតក្នុងខេត្តព្រះសីហនុ ខណៈពីមុនមានតែអង្គរវត្តប៉ុណ្ណោះ។
សូមបញ្ជាក់ថា សន្និសីទម៉ាក្រូសេដ្ឋកិច្ចរៀបចំឡើង ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍ សមត្ថភាពស្រាវជ្រាវ និងផ្តល់ជាវេទិកាពិភាក្សា លើប្រធានបទសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា៕