(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២១ ខែធ្នូនេះ បានបើកយុទ្ធនាការ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានយល់ដឹងទូលំទូលាយ ពីតារាងតម្លៃ និងការផ្តល់សេវាសាធារណៈ នៅក្នុងការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ។
យុទ្ធនាការផ្សព្វផ្សាយនេះ បានធ្វើឡើងព្រមគ្នា រវាងមូលដ្ឋានសង្កាត់ទាំង៨ ដោយក្រុមការងារតាមសង្កាត់នីមួយៗ បានដើរចែកតារាងតម្លៃ នៃសេវាកម្មតាមផ្នែកនីមួយៗ របស់ការិយាល័យ ច្រកចេញចូលតែមួយ។
នៅក្នុងការិយាល័យច្រកចេញចូលតែមួយ របស់ខណ្ឌច្បារអំពៅ បានផ្តល់សេវាលើវិស័យចំនួន១២ រួមមាន៖ ការងារនីត្យានុកូលកម្ម, ការងារអត្រានុកូលដ្ឋាន, វិស័យសុរិយោដី, វិស័យវប្បធ៌ម និងវិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេសចរណ៍, វិស័យសំណង់, វិស័យឧស្សាហកម្ម រ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម, វិស័យសុខាភិបាល, វិស័យសាធារណៈការ និងដឹកជញ្ជូន និងវិស័យកសិកម្ម។
លោកស្រី ឯក យ៉ានី អភបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា ក្នុងយុទ្ធនាការនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹងបានកាន់តែទូលំទូលាយ អំពីតម្លៃ នៃការផ្តល់សេវាសាធារណៈ នៅច្រកចេញចូលតែមួយ នឹងចៀសវាងការពឹងពាក់អ្នករត់ការ ដែលគេយកតម្លៃលើសពីនេះ។ នៅក្នុងខិតប័ណ្ណផ្សព្វផ្សាយនេះ ក៏មានដាក់លេខទូរស័ព្ទ របស់ការិយាល័យច្រកចេញចូលតែមួយ របស់ខណ្ឌ ដើម្បីឲ្យប្រជាពលរដ្ឋ បានទំនាក់ទំនងផ្ទាល់ បើសិនជាពួកគាត់មិនយល់ ឬចង់ដឹងពីប្រការណាមួយនោះ។
លោកស្រីឯក យ៉ានី បានបញ្ជាក់ថា រដ្ឋបាលខណ្ឌច្បារអំពៅ នឹងខិតខំក្នុងការអនុវត្ត កំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅរដ្ឋបាលសាធារណៈ កាន់តែមានភាពឆ្លើយតបប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផល និងជំនឿទុកចិត្ត ហើយលើកកម្ពស់វប្បធ៌មសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ មន្រ្តីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ទៅជាអ្នកផ្តល់សេវាសាធារណៈ ដ៏មានប្រសិទ្ធភាព និងបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើង៕