(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ និងជំរុញដោះស្រាយបញ្ហាផ្លូវគ្រលុក សំបុកមាន់ ក្នុងរាជធានីភ្នំពេញ ឲ្យបានប្រសើរឡើង នាពេលកន្លងមក ការជួសជុលតាមផ្លូវក្នុងខណ្ឌទួលគោក ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌ៧មករា ដែលជាខណ្ឌនៅចំកណ្តាលទីក្រុងសម្រេច បាន៩០% គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ សម្រេចបាន៩០%រួចហើយ នៅសល់គ្រលុកតិចតួចប៉ុណ្ណោះ ដែលកំពុងជួសជុលចំនួន៦ក្រុម ហើយក៏មានក្រុមការងារអ៊ុតកៅស៊ូផ្លូវថ្មី ចំនួន២៣ខ្សែ ក៏បាននិងកំពុងចាប់ផ្តើមផងដែរ។ ឯខណ្ឌជាយក្រុង ក៏មានក្រុមជួសជុលផ្លូវបេតុង ១ក្រុម ហើយនឹងបង្កើនឲ្យដល់ ៤ក្រុមឆាប់ៗនេះ។
សម្រាប់ថ្ងៃ២១ ខែធ្នូនេះ ក្រុមការងារចុះជួសជុល និងអ៊ុតកៅស៊ូផ្លូវលេខ១៣៨, ២០៤, ៣០៦, ៤០០, ១៨០០ ។ ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦ និងផ្លូវបេតុងអង្គតាមិញ វត្តភ្នំ។
គួររំលឹកដែរថា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី១៣ ខែធ្នូ បានរៀបចំពិធី ដាក់ឲ្យដំណើរការជាផ្លូវការ នូវកម្មវិធីថែទាំផ្លូវ ROAD CARE mobile app ដែលជាកម្មវិធីថ្មីមួយ អាចទាញយកដោយ ឥតគិតថ្លៃនៅលើ App Store និង Play Store ក្នុងទូរសព្ទដៃ។ កម្មវិធីថែទាំផ្លូវ ROAD CARE mobile app អាចឲ្យពលរដ្ឋរាយការណ៍ ដោយផ្ទាល់ពីស្ថានភាពជង្ហុកសំបុកមាន់ ឬផ្លូវខូចទៅកាន់ អាជ្ញាធរពាក់ព័ន្ធ ដើម្បីជួសជុលបានទាន់ពេលវេលាផងដែរ៕