(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ក្នុងខេត្តដែលមានសក្តានុពលក្នុងការផលិតស្រូវ-អង្ករ ហើយមានសមត្ថភាពសម្ងួតស្រូវសើមដល់ទៅ១០ម៉ឺនតោនក្នុងមួយថ្ងៃ និងមានសមត្ថភាពស្តុកស្រូវ-អង្ករស្ងួតបានដល់ទៅ ១លានតោន ដើម្បីចូលរួមអនុវត្តគោលនយោបាយស្តីពីការជំរុញ នាំចេញអង្ករឱ្យបាន ១លានតោន របស់រាជរដ្ឋាភិបាលកម្ពុជា។

ការប្រកាសគាំទ្ររបស់លោករដ្ឋមន្ត្រី លើគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនេះ បានធ្វើឡើង ខណៈពេលដែលឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឱ្យលោក ប៊ី គង់មីន (BI GUANGMIN) ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ លោក ប៊ី គង់មីន បានមានប្រសាសន៍ថា គម្រោងនឹងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនេះ រំពឹងថានឹងអាចជួយជំរុញ និងបង្កើនការនាំចេញអង្ករកម្ពុជាទៅក្នុងទីផ្សារអន្តរជាតិក្នុងមួយឆ្នាំ ៥០ម៉ឺនតោន ព្រមទាំងអាចបង្កើនសមត្ថភាពសម្ងួត និងស្តុកស្រូវ-អង្ករ កាត់បន្ថយការហូរចេញស្រូវទៅប្រទេសជិតខាង ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ស្រូវ បង្កើនការបញ្ជាទិញសម្រាប់ការនាំចេញ និងចំណូលក្នុងវិស័យស្រូវ-អង្ករកម្ពុជា ពិសេសធ្វើឱ្យតម្លៃស្រូវមានស្ថិរភាពសម្រាប់កសិករ។

លោករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីចិនសហការជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ ខិតខំធ្វើការ សិក្សារៀបចំគំនូរប្លង់សាងសង់សម្រាប់ទីតាំងនីមួយៗ ព្រមទាំងធ្វើបញ្ជីចំណាយលម្អិតសម្រាប់ការងារសាងសង់ និងការបំពាក់សម្ភារៈបរិក្ខាផ្សេងៗ ស្របតាមទំហំទឹកប្រាក់ដែលរដ្ឋាភិបាលបានកំណត់ និងមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ ដើម្បីជំរុញកិច្ចការនេះទៅមុខបានរលូន និងទទួលបានជោគជ័យ។

គួររម្លឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករជាមួយភាគីចិន។ អនុស្សរណៈយោគយល់គ្នានេះ រាជរដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ខណៈភាគីចិនតំណាងដោយក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation, ធនាគារនីហរ័ណ-អាហរ័ណចិន (the Export-Import Bank of China) និងក្រុមហ៊ុនស៊ីទីកហ្គ្រុប (CITIC Group Corporation)។ ក្នុងនោះ ក្រុមហ៊ុនHenan Yuguang International Economic & Technical Cooperation នឹងទទួលការងារសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ-អង្ករនៅកម្ពុជា៕