(ភ្នំពេញ)៖ កម្ពុជានឹងត្រៀមរៀបចំពិធីអបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតអង្គការ ILO និងខួប៥០ឆ្នាំ នៃការចូលជាសមាជិកអង្គការ ILO របស់កម្ពុជា តើសមិទ្ធផលអ្វីខ្លះដែលជាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការ ILO សម្រេចបាន។
នេះជាការលើកឡើងរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំត្រីភាគីថ្នាក់ជាតិរបស់គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ដើម្បីពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃការអនុវត្តអនុសញ្ញា និងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសមាគមនិយោជក តំណាងសហជីព តំណាងក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពការងារ នាពេលកន្លងមក ពាក់ព័ន្ធនឹងការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា និងដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់នៅក្នុងអនុសាសន៍នៃរបាយការណ៍បេសកកម្មដោយផ្ទាល់ (DCM) របស់អង្គការ ILO នៅកម្ពុជា។
ជាលទ្ធផល កិច្ចប្រជុំបានសម្រេចដាក់ចេញនូវផែនការជាជំហានបន្តបន្ទាប់ទៀត ក្នុងការរកដំណោះស្រាយបញ្ហាលើករណីចោទប្រកាន់មេដឹកនាំសហជីព និងការពង្រឹងយន្តការក្នុងការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាការអនុវត្ត សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របទៅតាមបទដ្ឋានអន្តរជាតិ និងច្បាប់ជាតិជាធរមាន។
លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍សំខាន់ៗជូនសមាជិកគណៈកម្មការជាតិ ក្នុងការការធានាការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈ ដោយស្នើសុំក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ឱ្យបានឆាប់រហ័សស្របទៅអនុរសញ្ញា និងតាមបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា៕