(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបលើទី៤០ នៃទិវាជ័យជម្នះ៧មករា និងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដែលមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ណែនាំឲ្យកងកម្លាំងទាំងអស់រួមមាន៖
ទី១៖យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលកំពូល និងប្រជាពលរដ្ឋចូលដែលអញ្ជើញទៅចូលរួមកម្សាន្តសប្បាយ និងមានការបាញ់កាំជ្រួចធំមិនធ្លាប់មានពីមុនមក នៅក្នុងថ្ងៃពិធីបុណ្យខួបលើទី៤០ ចំនួន៣ថ្ងៃ ដែលប្រារព្ធធ្វើឡើងនៅវិមានឈ្នះឈ្នះ។
ទី២៖លេីកកម្ពស់ការប្រុងប្រយ័ត្ននៅពេលយប់ព្រោះថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋអញ្ជើញមកទស្សនាកម្មវិធីសិល្បៈប្រគុំតន្រ្តីផ្សេងៗ ជាពិសេសក៏មានការបាញ់កាំជ្រួចតាមលក្ខណទំនើបអាចចេញជារូបភាពផ្សេងៗប្រមាណរយៈពេល៤៥នាទីផងដែរ ម្យ៉ាងវិញទៀតដោយសារពលរដ្ឋ និងមហាជនចង់ចូលរួមអបអរសាទរ ក្នុងទិវាប្រវត្តិសាស្ត្រ នៃនយោបាយឈ្នះឈ្នះ ដែលទាមទារឲ្យកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បូករួមទាំងបញ្ហាបច្ចេកទេសផងដែរ។
និងទី៣៖ពង្រឹងការល្បាត និងការងារសណ្តាប់ធ្នាប់។
ដោយឡែកសម្រាប់ពិធីបុណ្យខួបលើកទី៤០ នៃទិវាថ្ងៃ ៧មករា (១៩៧៩-២០១៩) នឹងប្រព្រឹត្តិនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ នៅពហុកីទ្បាដ្ឋានជាតិអូឡាំពិកដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជាងបីម៉ឺននាក់នោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់ នៅតាមចំណុចអគារខ្ពស់ៗដែលនៅព័ទ្ធជុំវិញទីតាំងប្រារព្ធពិធីតាមសំណង់ដែលមានកម្មករកំពុងធ្វើការ រីឯបញ្ហាចរាចរណ៍ ត្រូវរៀបចំប្រព័ន្ធបង្វែទិស និងតាមតំបន់ផ្លូវតូចៗកាត់ទទឹង ព្រមទាំងផ្លូវព័ទ្ធជុំវិញដើម្បីសម្រួលដល់ការកកស្ទះ ក្នុងនោះសំណូមពរឲ្យរដ្ឋបាលរាជធានីធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋឲ្យមានការយោគយល់ពីការបិទផ្លូវក្នុងថ្ងៃប្រារព្ធពិធីផងដែរ។
លើសពីនេះជូនដំណឹងដល់ ម្ចាស់ស្ថានីយ៍ប្រេង ក៏ដូចជាសំណង់អគារចំនួន៨ ដែលកំពុងសាងសង់នៅព័ទ្ធជុំវិញទីតាំងប្រារព្ធពិធីត្រូវផ្អាកការសាងសង់ផងដែរ។
សូមរំលឹកថា វិមានឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយនឹងត្រូវសម្ពោធជាផ្លូវការចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ និងចំថ្ងៃដែលរាជរដ្ឋាភិបាលប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយបាយឈ្នះ ឈ្នះផងដែរ៕