(ភ្នំពេញ)៖ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានសម្តែងនូវការ កោតសរសើរ ចំពោះសមិទ្ធផល និង កិច្ចខិតខំប្រឹងថ្នាក់ ដឹកនាំ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការបំពេញភារកិច្ចរបស់ខ្លួន អនុវត្តតាមយុទ្ធសាស្ត្រ ចតុកោណ របស់ រាជរដ្ឋាភិបាលកន្លងមក រហូតបានរួមចំណែកយ៉ាងធំធេងជំរុញដល់កំណើនសេដ្ឋ កិច្ចជាតិក្នុងរង្វង់ ជា មធ្យម ៧.៦%/ឆ្នាំ រយៈពេលជិត ២ ទសវត្ស កន្លងមកនេះ។
ជំនួបនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្រោមការដឹកនាំរបស់ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ក្រសួងបានសម្រេចលទ្ធផលគួរជាទីមោទនក្នុងការងារ ជំរុញ សមាហរណកម្មសេដ្ឋកិច្ចពាណិជ្ជកម្មទៅពិភពលោក តំបន់ អនុតំបន់ និងទេ្វភាគី ដើម្បីពង្រីកទីផ្សា របស់កម្ពុជា ការងារជំរុញពាណិជ្ជកម្មក្នុងស្រុក ការងារជំរុញការចុះបញ្ជី ពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ការងារជំរុញសុវត្ថិភាព ម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ព្រមទាំងការងារកសាង បញ្ញត្តិ ច្បាប់ ពាក់ព័ន្ធពាណិជ្ជកម្ម សំខាន់បន្ថែមទៀត ដូចជាសេចក្តីព្រាងច្បាប់ ពាណិជ្ជកម្មអេឡិចត្រូនិច សេចក្តីព្រាងច្បាប់ កិច្ច សន្យា ពាណិជ្ជ កម្ម សេចក្តីច្បាប់ ស្តីពី ការ ប្រកួតប្រជែង ជាដើម ដើម្បីឱ្យឆ្លើយតបទៅនឹងបរិបទពិភពលោកបច្ចុប្បន្ន។
លោកស្រី បានបន្តបន្ថែមថា ខណៈប្រទេសកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសមានចំណូល មធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាពិសេសកំពុងស្ថិត ក្នុង បរិការណ៍ នៃ បដិវត្ត ឧស្សាហកម្មទី៤ ចាំបាច់ណាស់ប្រទេសកម្ពុជាត្រូវត្រៀមខ្លួនប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ក្នុងដំណាក់ បដិវត្ត ឧស្សាហកម្មទី៤នេះ។
ជាចុងក្រោយ គណៈកម្មការទី៩ នៃរដ្ឋសភា និង ក្រសួងពាណិជ្ជកម្ម ក៏បានបេ្តជ្ញាបន្តរួមកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញ ការ អនុម័តច្បាប់ និង ប្រសិទ្ធភាពខ្ពស់នៃ ការ អនុវត្តច្បាប់ ក្នុង វិស័យ ពាណិជ្ជកម្មដើម្បីជំរុញយុទ្ធសាស្ត្រ ចតុកោណដំណាក់ កាល ទី៤ឱ្យជោគជ័យ ឆ្លើយតប នឹង សេចក្តីត្រូវការ របស់ ប្រជាជន ដែល ចេះ តែ កើន ឡើង ជា លំដាប់ និង ឱ្យស្របតាម ការវិវត្ត នៃ បរិការណ៍ សង្គមបច្ចុប្បន្ន។
គួរបញ្ជាក់ថា គណៈប្រតិភូ គណៈ កម្ម ការសាធារណការ ដឹកជញ្ជូន ទូគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ជួបសំណេះសំណាល និង ពិភាក្សាការងារជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ដើ ម្បី ស្វែងយល់ពីប្រសិទ្ធភាពនៃ ការប្រតិបត្តិ ច្បាប់នានា ដែលរដ្ឋសភាបាន អនុម័ត ការអនុវត្តកម្មវិធី នយោបាយ និង យុទ្ធ សាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលនីតិកាល ទី៦ នៃរដ្ឋសភា៕