(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី២១ ខែធ្នូនេះថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ ជនជាតិថៃចំនួន២៦នាក់ នឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា។
ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលា បានឲ្យដឹងទៀតថា ការបណ្ដេញជនជាតិថៃចំនួន២៦នាក់នេះ មានស្រី៩នាក់ ដោយសារពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជម្រិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។ ជនជាតិថៃទាំងនេះ នឹងត្រូវបណ្តេញទៅកាន់ប្រទេសខ្លួនវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលនឹងមានការចូលរួមសហការ ជាមួយភាគីនគរបាលប្រទេសថៃ ចាំទទួលយក។
ការបណ្ដេញនេះទៀតសោត នឹងត្រូវបានអនុវត្តន៍ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ និង២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះបើតាមការឲ្យដឹងបន្ថែម ពីលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលា។
សូមជំរាបថា ជនជាតិថៃខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញបង្ក្រាបបាន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនជាតិថៃទាំង៦នាក់នេះ ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដោយកាត់ទោសដាក់ពន្ធនាគារចំនួន១០ខែ៕