(ភ្នំពេញ)៖ វិវាទដីធ្លីរវាងគណៈកម្មាការអាចារ្យវត្តធម្មត្រ័យ និងប្រជាពលរដ្ឋម្នាក់ ដែលអូស បន្លាយពេលអស់រយៈពេល១០ឆ្នាំទៅហើយនោះ បានត្រូវបញ្ចប់ដោយសារសាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ឋរណ៍ និង តុលាការកំពូលរកឃើញថា ទីតាំងដីទំនាស់នេះមិនស្ថិតនៅក្នុងបរិវេណឬជាអចលនវត្ថុរបស់វត្តធម្មត្រ័យទេ ពោលគឺទីតាំងដីទំនាស់ស្ថិតនៅដាច់ដោយឡែកពីវត្តធម្មត្រ័យ។
លោកប៊ុន ម៉េង ជាដើមបណ្តឹងម្នាក់ក្នុងសំណុំរឿងនេះបានបញ្ជាក់ថា លោកនិងឈ្មោះលឹម សុខហៀង បានទិញដីពីឈ្មោះចាន់ ពាវីមួយកន្លែងទំហំ១៣២៤៥ម៉ែត្រការេ ដែលមានកិច្ចសន្យាទិញលក់ត្រឹមត្រូវនិងមានលិខិតផ្ទេរសិទិ្ឋកាន់កាប់ដីលេខ ៥២៧៥ បជ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦។ ក្រោយពីបានទិញលក់ដីរួច លោក ប៊ុន ម៉េង បានបន្តកាន់កាប់រហូតដល់បានធ្វើកំណត់ហេតុវាស់វែងដីរបស់មន្ត្រីភូមិបានខណ្ឌដង្កោ និង ធ្វើកំណត់អង្កេតដីរបស់អភិបាលខណ្ឌដង្កោ រួចលោកក៏បានបន្តធ្វើរបងថ្មព័ទ្ឋជុំវិញដី និងបន្តកាន់កាប់រហូតបច្ចុប្បន្ន និងមានអាជ្ញាធរដឹងលឺ ព្រមទាំងទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ទៀតផង។
លោកប៊ុន ម៉េង បានអះអាងថា រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៨ ស្រាប់តែមានសេចក្តីជូនដំណឹងលេខ ១៧០០ សជណ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចប្រគល់ដីទំហំ ១ហិកតា ៧៥អា ដែលក្នុងនោះមានដីរបស់លោកប៊ុន ម៉េង ទំហំ ១៣២៤៥ម៉ែត្រការេ អោយទៅវត្តធម្មត្រ័យ ទៅវិញ។ ដូច្នេះទើបលោកប្តឹងសុំបញ្ជាក់ពីកម្មសិទិ្ឋ លើដីនេះដែលមានទីតាំងស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានព្រំ ប្រទល់ខាងជើង ទល់នឹងដី ចាន់ ណាវី ខាងត្បូងទល់នឹងផ្លូវលំចូលភូមិ ខាងកើតទល់នឹងដីឈ្មោះអ៊ូ ប៊ុន និងខាងលិចទល់នឹងផ្លូវលំ ទើបមន្ត្រីជំនាញបញ្ជាក់ថា ដីនេះជាកម្មសិទ្ឋិរបស់ឈ្មោះប៊ុន ម៉េង និងប្រពន្ឋឈ្មោះលឹម សុខហៀង ប្រាកដមែន។
លោកប៊ុន ម៉េង បានបន្តថា ចំណែកដីដែលគណៈកម្មាការអាចារ្យវត្តធម្មត្រ័យដែលមានឈ្មោះជ័យ សុផល និង អៀង ឃួន ជាតំណាងដែលប្តឹងទាមទារនោះ មានព្រំប្រទល់ខាង ជើងទល់នឹងដីស្រែប្រជាជន ខាងត្បូងទល់នឹងដីពន្ឋនាគារព្រៃស ខាងកើតទល់នឹងផ្លូវ ខាងលិចទល់នឹងដីភូមិព្រៃទីទុយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសបញ្ជាក់ឱ្យឃើញថា ទីតាំងទំនាស់ស្ថិតនៅក្នុងភូមិ២៤ មិនជាប់ពាក់ព័ន្ឋទៅនឹងវត្តធម្មត្រ័យទេ ព្រោះមានផ្លូវលំមួយកាត់ចែកដាច់ពីគ្នាខាងកើតផ្លូវជាទីតាំងភូមិ២៤ ខាងលិចផ្លូវជាទីតាំងភូមិធម្មត្រ័យ រីឯវត្តធម្មត្រ័យស្ថិតនៅក្នុងភូមិធម្មត្រ័យ ពុំមែនស្ថិតនៅក្នុងភូមិ២៤ទេ។
យោងតាមឯកសារ ភស្តុតាង និងសាក្សី សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ឋរណ៍ និង ចុងក្រោយនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ តុលាការកំពូលបានសម្រេច ទទួលស្គាល់ឈ្មោះ ប៊ុន ម៉េង និងប្រពន្ឋឈ្មោះលឹម សុខហៀង ជាកម្មសិទិ្ឋករលើដីទំហំ ១២៩៥៩ម៉ែត្រការេ មានគល់បញ្ជីក្បាលដីលេខ ១២០៥១០១០០០៨៣ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញ៕