(ភ្នំពេញ)៖ វីសា គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមប្រព័ន្ធ អេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយ នៅក្នុងពិភពលោក កំពុងសហការ ជាមួយធនាគារជាច្រើន ដែលក្នុងនោះមានធនាគារចំនួន៥ រួមមានធនាគារ ABA ធនាគារអេស៉ីលីដា ធនាគារឯកទេសអ៉ីអេន ធនាគាកាណាឌីយ៉ា និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អំពីការទូទាត់ប្រាក់ឆាប់រហ័ស (QR - Quick Responds) ដែលអនុញ្ញាតឱ្យអតិថិជន ប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ ស្កេនដើម្បីបង់ប្រាក់តាមរយៈវីសាកាត នៅក្នុងប្រទេសកម្ពុជា។
ការទូទាត់ប្រាក់តាមរយៈ QR កូដ នឹងផ្តល់ជូនអតិថិជន នូវបទពិសោធទូទាត់ប្រាក់តាមបែបថ្មី ដែលប្រកបដោយសុវត្ថិភាព ងាយស្រួល និងឆាប់រហ័ស។ អ្នកប្រើប្រាស់ អាចបង្កើតការទូទាត់ប្រាក់តាមរយៈ QR កូដយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទដៃ (App) របស់ធនាគារ និងភ្ជាប់បណ្ដាញសុវត្ថិភាព ជាមួយនឹងវីសា តាមរយៈកាតឥណទាន (Credit Card) កាតឥណពន្ធ (Debit Card) ឬកាតបង់ប្រាក់ជាមុន (Prepaid Card) ជាការស្រេច។
នៅពេលកម្មវិធីទូរស័ព្ទដៃ (App) ចាប់ដំណើរការ អ្នកអាចប្រើទូរស័ព្ទដៃក្នុងការស្កេ QRកូដ ដើម្បីធ្វើការទូទាត់ជាមួយ វីសា តាមរយៈការផ្ទេរប្រាក់ ពីគណនីរបស់អ្នក ទៅកាន់គណនីរបស់អ្នកលក់ផ្ទាល់តែម្តង។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង វីសា ប្រចាំប្រទេសកម្ពុជា បានមានថ្លែងអបអរសាទរ ចំពោះធនាគារ ABA ធនាគារអេស៉ីលីដា ធនាគារឯកទេសអ៉ីអេន ធនាគារកាណាឌីយ៉ា និងធនាគារ FTB ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវការទូទាត់សាច់ប្រាក់តាមរយៈ ការស្កេន QRកូដ ដែលជាដំណាក់កាលវិវត្តន៍ដ៏សំខាន់ ក្នុងការវិវត្តន៍នៃការទូទាត់ តាមរយៈឌីជីថល នៅក្នុងប្រទេសកម្ពុជា។ ធ្វើការទូទាត់តាមរយៈទូរស័ព្ទដៃ ជាមួយបច្ចេកវិទ្យា QR កូដ អាចជួយកាត់បន្ថយចំណាយ ដ៏មានប្រសិទ្ធិភាពដល់អាជីវក ដែលទើបទទួលយក ការទូទាត់សាច់ប្រាក់ តាមរយៈប្រព័ន្ធអេទ្បិចត្រូនិក ហើយសម្រាប់អតិថិជន ដែលប្រើប្រាស់សេវាកម្មនេះ នឹងទទួលបានអត្ថប្រយោជន៍ ទូទាត់សាច់ប្រាក់យ៉ាងងាយស្រួល តាមប្រព័ន្ធឌីជីថល ជំនួសការប្រើសាច់ប្រាក់សុទ្ធ។
ការទូទាត់ប្រាក់តាមរយៈស្កេន QRកូដ អនុញ្ញាតឲ្យម្ចាស់វីសាកាត ងាកមកប្រើប្រាស់ទូរស័ព្ទដៃ របស់ពួកគេដើម្បីទិញទំនិញ និងទូទាត់វិក្កយបត្រ ដោយមិនចាំបាច់មានសាច់ប្រាក់សុទ្ធក្នុងដៃ។ សម្រាប់អាជីវករ ទទួលយកវិធីទូទាត់ប្រាក់ តាមរយៈការស្កេន QRកូដ មានន័យថាពួកគេ អាចទទួលបាននូវជម្រើសសេវាកម្ម ដែលមានតម្លៃទាប ក្នុងការទូទាត់ប្រាក់ តាមអេឡិចត្រូនិច ដោយការប្រើ QRកូដ ជាមួយទូរស័ព្ទដៃរបស់ពួកគេ។
ក្នុងថ្ងៃនៃការដាក់ឲ្យដំណើរការ ការទូទាត់ប្រាក់តាមរយៈការស្កេន QRកូដនេះ មានហាងសរុបជាង ៦០០កន្លែង នឹងទទួលយកសេវាកម្មថ្មីនេះ ដែលក្នុងនោះមានដូចជា ម៉ាស្ទ័រស៊ុគីស៊ុប ក្រុមហ៊ុន EFG គ្រុប (The Pizza Company Bar BQ Plaza, Swenson’s, Dairy Queen និង Krispy Kreme), ក្រុមហ៊ុន Yummy Food Co. Ltd., U-Care Pharma, Kiwi Marts, Yinkok Food Corp (Tous Les Jours, Asia Kitchen, Lotteria Burger), Zando Fashion Shop, Park Café និងហាងជាច្រើនទៀត។
រាល់ប្រតិបត្តិការ QRកូដរបស់វីសាកាត នឹងត្រូវបានដំណើរការជាសកលតាមរយៈ VisaNet ដោយអនុវត្តតាមមាត្រដ្ឋាន សុវត្ថិភាព និងមានទំនុកចិត្តខ្ពស់ របស់ក្រុមហ៊ុនវីសា ទៅលើការទូទាត់ប្រាក់តាមរយៈ QRកូដ។ ការទូទាត់សាច់ប្រាក់តាមរយៈ QR បានកំពុងតែអនុវត្ត នៅប្រទេសឥណ្ឌូនេស៉ី វៀតណាម ថៃ និង ឥណ្ឌា ហើយក្នុងពេលឆាប់ៗនេះ នឹងមកដល់ទីផ្សារមួយចំនួនទៀត នៅអាស៉ីអាគ្នេយ៍។ នេះបើតាមការបញ្ជាក់ឲ្យដឹងបន្ថែម ពីលោកស្រី ម៉ូនីកា។
អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា «យើងមានទំនុកចិត្តថា ការស្កេនដើម្បីបង់ប្រាក់តាមរយៈវីសាកាត នឹងពន្លឿនការផ្លាស់ប្តូរពីការទូទាត់ជាសាច់ប្រាក់សុទ្ធ ទៅជាការទូទាត់បែបអេឡិចត្រូនិច ព្រមទាំងជួយជំរុញស្ថានភាព នៃប្រព័ន្ធហិរញ្ញវត្ថុនៅទូទាំងប្រទេស ឲ្យកាន់តែប្រសើរទ្បើង»៕