(ភ្នំពេញ)៖ មានហេតុផលច្រើន ដែលជំរុញឲ្យយុវជន និងកុមារចាប់ផ្ដើមប្រើប្រាស់គ្រឿងញៀនដូចជា ការបង្ខំពីមិត្តភក្តិ ការប្រើតាមគ្នា ការចង់ដឹង (ដោយសាកល្បងម្ដងហើយក៏ចាប់ផ្ដើមញៀន) ក្នុងនោះមានគេលួចដាក់ឲ្យប្រើ ដោយមិនដឹងខ្លួន ហើយក៏ចាប់ផ្ដើមមានអារម្មណ៍ញៀន។ ខ្លះទៀតប្រើគ្រឿងញៀន ដើម្បីភាពសប្បាយ រំភើបត្រេកត្រអាលរំសាយទុក្ខ ដើម្បីធ្វើពលកម្មធ្ងន់ៗបានយូរ បំបាត់ការស្រេកឃ្លាន បង្កើនភាពងោកងុយ ជំរុញចិត្តឲ្យមានភាពក្លាហាន ជាដើម ដែលមធ្យោបាយទាំងនេះ អាចបំផ្លាញសុខភាពក្នុងកម្រិតធ្ងន់ធ្ងរ ដូច្នេះសូមឆ្លើយថាទេ ចំពោះគ្រឿងញៀន។
ឃើញហើយថា មានជនសង្ស័យឈ្មោះ គឹម វ៉ាន់លីដា ហៅដា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ឃឹន ចាន់ធី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ។ អ្នកទាំង២ ស្នាក់នៅបន្ទប់ជួល តាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ តាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន ក្នុងពេលពួកគេកំពុងសង្ងំ ធ្វើសកម្មភាពជួញដូរក្រាមសថ្លា ជាគ្រឿងញៀន ជាក់ស្ដែងរកឃើញចំនួន ០៥កញ្ចប់ (០៤កញ្ចប់តូច និង០១កញ្ចប់ធំ), ដែកកេះចំនួន០៤, ថង់ផ្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់ផងដែរ។
កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ របស់លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានប្រតិបត្តិការករណីនេះ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី០៩ ភូមិបឹងសាឡាង នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។
លោកអធិការនគរបាលខណ្ឌឫស្សីកែវ គល់ យី បានអំពាវនាវ ក្នុងការទប់ស្កាត់បង្កាតែមួយគត់ ដ៏មានប្រសិទ្ធភាពលើបញ្ហាប្រើប្រាស់ និងជួញដូរថ្នាំញៀននោះគឺ យុវជនត្រូវចៀសវាង និងនៅឲ្យឆ្ងាយពីគ្រឿងញៀន។ ត្រូវប្រុងប្រយ័ត្នខ្លួនកុំឲ្យលង់ក្នុងការបោកបញ្ឆោតផ្សេងៗ ឬការបង្ខិតបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ឬប្រើគ្រឿងញៀនក្នុងការដោះស្រាយបញ្ហាតានតឹងចិត្ត ជាដើម។
និយាយរួម ត្រូវកំណត់ឲ្យបានច្បាស់ ថាការប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធនឹងគ្រឿងញៀន គឺជាឧក្រិដ្ឋកម្ម និងជាការបាត់បង់អ្វីៗមិនអាចជៀសផុតឡើយ។ នេះបើតាមការបន្ថែម ពីលោកអធិការខណ្ឌ។
ទោះយ៉ាងណាក្ដី ជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើ ដែលត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ តាមស៉ើបអង្កេតបង្ក្រាបឃាត់ខ្លួនបាន ក្នុងសកម្មភាពជួញដូរថ្នាំញៀន និងវត្ថុតាងពាក់ព័ន្ធទាំងឡាយនោះ បាននិងកំពុងស្ថិត នៅក្រោមការឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕