(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា វត្តអារាមមិនគ្រាន់តែជាទីសក្ការៈ សម្រាប់គោរពបូជា តាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់សាមគ្គីគ្នាតាមផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង។
បើតាមសម្តេចប្រធានរដ្ឋសភា វិស័យពុទ្ធិកសិក្សា មានការរីកចម្រើនគួរឱ្យកត់ គឺមានពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សាផងដែរ។
សម្ដេចពញាចក្រី បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេស លើកទី២៧ នៅសាលសន្និសីទចតុម្មុខ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសិរឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។
អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស មានការយាង និមន្ត និងអញ្ជើញចូលរួមពីសម្ដេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ ថ្នាក់ដឹកនាំព្រះសង្ឃគ្រប់ជាន់ថ្នាក់ ព្រះថេរានុត្ថេរៈ និងតំណាងសាសនានា ដែលមានវត្តមាននៅកម្ពុជា និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ជាច្រើនអង្គនាក់ផងដែរ។
សម្តេច ហេង សំរិន បានគូសបញ្ជាក់ទៀតថា នៅក្នុងប្រទេសកម្ពុជាមានសាសានាច្រើន តែពលរដ្ឋគោរពសាសនានា តាមជំនឿរបស់ខ្លួន។ វត្តអារាម ព្រះវិហារឥស្លាម គ្រឹស្តសាសនា និងសាសនាដទៃទៀត ក៏បានកើតឡើងព្រោងព្រាតផងដែរ។
បច្ចុប្បន្នទីវត្តអារាមក្នុងវិស័យពុទ្ធចក្រ នៅទូទាំងប្រទេសមានវត្តចំនួន ៤៨៧២វត្ត ហើយមានព្រះសង្ឃចំនួន ៦១៩៩៩អង្គ។ នេះបើតាមសម្តេចប្រធានរដ្ឋសភា បានឲ្យដឹងបន្ថែម។
សូមជំរាបថា ពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឈលើកទី២៧ ដែលបានប្រារព្ធឡើងនៅឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នឹងអញ្ជើញបិទពិធីនេះ នៅថ្ងៃចុងក្រោយផងដែរ។
ពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឈលើកទី២៧ ធ្វើឡើងដើម្បីបូកសរុបសកម្មភាព និងពិនិត្យលទ្ធផល នៃការអនុវត្តសង្ឈប្រកាសរបស់អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឈកន្លងទៅ ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់ លើការងារព្រះពុទ្ធសាសនា នានាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្ត សំដៅពង្រឹងការអនុវត្ត រចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងរាល់បទដ្ឋានគតិយុត្តដែលមានស្រាប់ និងពង្រឹងគុណភាព ពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅធ្វើយ៉ាងណា ឲ្យវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន សក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ្ធ និងជាសាសនារបស់រដ្ឋ៕