(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតជូន «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ដែលធ្វើឡើងក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។
នៅក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានកម្រាស់៣ទំព័រ ដែល Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និងរៀបចំយន្តការសម្រាប់អនុវត្តន៍ ក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មាន ពង្រឹងគុណភាព និងការទទួលខុសត្រូវផ្នែក ជីវៈសារព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ។
«វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ក៏ត្រូវធ្វើឡើងដើម្បី ចូលរួមចំណែកទប់ស្កាត់ ការបង្កចលនានៅក្នុងសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ ទំនាក់ទំនងជាមួយប្រទេសជិតខាង ហើយរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍយូរអង្វែង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការកសាងសុខសន្តិភាពនៅក្នុងតំបន់ និងនៅលើសកលលោកផងដែរ។
ព័ត៌មានលម្អិតសូមអានខ្លឹមសារ នៃសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖