(ភ្នំពេញ)៖ កម្លាំងជំនាញ ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះឃាត់ខ្លួនអតីតពិធីករ និងជនសង្ស័យ៣នាក់ទៀត នៅក្នុងមជ្ឈមណ្ឌលកម្សាន្តមួយកន្លែង និងនៅមុខក្លឹបកម្សាន្តអ៉ឹមផាយអឺ ដោយដកហូតថ្នាំញៀនបាន រហូតដល់ជាង១គីឡូក្រាម។
យោងតាមរបាយការណ៍ ដែលត្រូវបានផ្ញើមកអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែធ្នូនេះ បានឲ្យដឹងថា នារាត្រីថ្ងៃទី១៨ ចាប់ពីម៉ោង២១៖១០នាទី ដល់ម៉ោង២៖៣០នាទី ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញ ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ នៅចំណុច៣ទីតាំង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យបុរសម្នាក់ និងចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់១៥០ក្រាម។ នៅចំណុចមុខក្លឹបអ៉ឹមផាយអឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ
មន រាជធានីភ្នំពេញ ដោយឃាត់ជនសង្ស័យស្ត្រីម្នាក់។ នេះបើតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងបន្ថែម។
ជាមួយគ្នានេះ នៅចំណុចទី៣ សមត្ថកិច្ចបានឃាត់ជនសង្ស័យ ២នាក់ ភេទប្រុស (ក្នុងនោះមានម្នាក់ជាអតីតពិធីករ)។ ចំណុចទី៣នេះ សមត្ថកិច្ច ក៏បានចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ២២៤.៣៩ក្រាម និងអិចស្តាស៉ី រហូតដល់១.៥៦២គ្រាប់ ទម្ងន់៦០៩.៣៣ក្រាមផងដែរ។
បើតាមរបាយការណ៍ដដែល សរុបលទ្ធផល កម្លាំងជំនាញ ក៦ បានឃាត់ជនសង្ស័យ៤នាក់ និងចាប់យកវត្ថុតាងបាន៖ មេតំហ្វេតាមីន ៣៧៤.៣៩ក្រាម, អិចស្តាស៉ី ៦០៩.៣៣ក្រាម និងកាំភ្លើងខ្លី ១ដើមម៉ាកឡុកផងដែរ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់រួមមាន៖ លោក ហែម បូរិទ្ធ (ឡាយអិន), ម៉ៅ សីណា, លោក អ៉ិន សុខន និងលោក ស៉ិន សម្ផស្ស។ ស៉ិន សម្ផស្ស ឬស៉ិន សំភ័ស្ត ធ្លាប់ជាប់ពន្ធនាគារ១ដង ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងជាមេខ្លោង ក្នុងករណីខាងលើ៕