(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសំណូមពរដល់ពុទ្ធសាសនិកជនទាំងអស់ មេត្តារួមគ្នាប្រតិបត្តិតាមឱវាទព្រះសមា្មសម្ពុទ្ធ ឲ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាឧបាក ឧបាសិកា ដើម្បីទ្រង់ទ្រង់ព្រះពុទ្ធសាសនាយើង ឲ្យកាន់តែរីកចម្រើនរហូតដល់ ៥.០០០វស្សា។
ការសំណូមពររបស់សម្តេចប្រធានរដ្ឋសភា បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ។
សម្តេច ហេង សំរិន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំជាពុទ្ធសាសនិកជនមួយរូប សូមសំណូមពរដល់ពុទ្ធសាសនិកជនទាំងអស់ មេត្តារួមគ្នាប្រតិបត្តិតាមឱវាទព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ឲ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាឧបាក ឧបាសិកា ដើម្បីទ្រង់ទ្រង់ព្រះពុទ្ធសាសនាយើង ឲ្យកាន់តែរីកចម្រើនរហូតដល់ ៥.០០០វស្សា ព្រោះថាព្រះពុទ្ធសាសនាយើងរីកចម្រើន ឬចុះអន់ថយ ដោយសារពុទ្ធបរិស័ទ្ធទាំង៤ជំពួកគឺ ភិក្ខុ ភិក្ខុនី ឧបាក និងឧបាសិកា»។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលគោរព្ធសិទ្ធិសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបង្កលក្ខណៈសម្បត្តិល្អងាយស្រួលដល់សកម្មភាព នៃសាសនាផ្សេងៗទៀតផងដែរ ធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍកិច្ចសាសនា គោរពកិច្ចសហប្រតិបត្តិការ សាមគ្គីគ្នាយ៉ាងជិតស្និទ្ធិ ស្មោះត្រង់ ដោយឈរលើគោលការណ៍គោរពគ្នា អធ្យាស្រ័យគ្នា យោគយល់គ្នា គ្រប់កាលៈទេសៈទាំងអស់ ដើម្បីសាមគ្គីភាព សុខដុមនីយកម្មសាសនា ក៏ដូចជាការថែរក្សាសាមគ្គីភាពរវាងប្រជាជន ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដោយរារាំងការរើសអើង និងការបែងចែកក្នុងសង្គម ដែលបណ្តាលមកពីភាពខុសគ្នា ខាងជំនឿ និងសាសនា។
ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បានថ្លែងដែរថា តាមរយៈគោលនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា ប្រទេសយើងមានការរីកចម្រើនលើគ្រប់វិស័យ គួរឲ្យកត់សម្គាល់ ពិសេសការធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងការវិវឌ្ឍទៅមុខឥតឈប់ឈរ ក្នុងការកាត់បន្ថយភាពក្រីក្រ រួមទាំងសេរីភាពខាងជំនឿ និងសាសនា ក៏ត្រូវបានលើកតម្កើងផងដែរ ក្នុងនោះរួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្ទសាសនា និងសាសនាដទៃទៀត ដែលបាន និងកំពុង ប្រតិបត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌច្បាប់។
សូមជំរាបថា ពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឈលើកទី២៧ ដែលបានប្រារព្ធឡើងនៅឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។ ពិធីនេះ ធ្វើឡើងដើម្បីបូកសរុបសកម្មភាព និងពិនិត្យលទ្ធផល នៃការអនុវត្តសង្ឈប្រកាសរបស់អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឈកន្លងទៅ ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់ លើការងារព្រះពុទ្ធសាសនា នានាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្ត សំដៅពង្រឹងការអនុវត្ត រចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងរាល់បទដ្ឋានគតិយុត្តដែលមានស្រាប់ និងពង្រឹងគុណភាព ពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅធ្វើយ៉ាងណា ឲ្យវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន សក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ្ធ និងជាសាសនារបស់រដ្ឋ៕