(ភ្នំពេញ)៖ ក្រោយមានសារព័ត៌មានជាតិ និងអន្ដរជាតិ ធ្វើការផ្សព្វផ្សាយអំពីការចោទប្រកាន់ដោយគ្មានភស្ដុតាង និងមានចរិតលក្ខណៈនយោបាយរបស់លោក Brad Adams មន្ដ្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ កាលពីពេលថ្មីៗ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺជាផ្លូវការហើយ នឹងបានចាត់ទុកការចោទប្រកាន់នេះ មានលក្ខណៈទុច្ចរិតក្នុងការបង្អាក់ដំណើរការអភិវឌ្ឍន៍វិស័យបាល់ទាត់ទាំងក្នុងតំបន់ និងលើពិភពលោកទៀតផង ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា គឺជាសមជិកដ៏ល្អររបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) អាស៊ី(AFC) និងពិភពលោក(FIFA) ដោយសហព័ន្ធបាននឹងកំពុងធ្វើការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ទូទាំងប្រទេស ស្របតាមផែនការរបស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់ និងអន្ដរជាតិ ក៏ដូចជាការបំផុសចលនាលេងកីឡា ដើម្បីរួមចំណែកជួយដល់សង្គម ដូចជាការជៀសវាងអំពីអំពើអបាយមុខផ្សេងៗ គ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ជាដើម ។
ដោយឡែកពាក់ព័ន្ធលោក Keisuke Honda ដែលត្រូវបានលោក Brad Adams ធ្វើការរិះគន់ ត្រូវបានសហព័ន្ធបញ្ជាក់ថា អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បានស្ម័គ្រចិត្តមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ដោយសុទ្ធចិត្ដ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឆ្ពោះទៅរកកម្រិតតំបន់ និងទ្វីបអាស៊ី ។ ដូច្នេះការចោទប្រកាន់ដោយគ្មានភស្ដុតាងនោះ មិនត្រឹមតែបន្ទុចបង្អាក់ការរួមចំណែកអភិវឌ្ឍន៍របស់លោក Honda នោះទេ គឺថែមទាំងបន្ទុចបង្អាក់ការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ ក្នុងតំបន់អាស៊ាន អាស៊ី និងអន្ដរជាតិផងដែរ ។
សូមរំឭកថា កាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅ វិទ្យុអាស៊ីសេរីបានចុះផ្សាយនូវអត្ថបទមួយ ដែលដកស្រង់ខ្លឹមសារពីលោក Brad Adams មន្ដ្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ ជាមួយនឹងអត្ថបទមានចំណងជើងថា «អង្គការឃ្លាំមើលសិទ្ធិមនុស្ស រិះគន់តារាបាល់ទាត់ជប៉ុន ដែលធ្វើការជាមួយមន្រ្តីបាតដៃប្រឡាក់ឈាមខ្មែរ» ។ ក្រោយឃើញព័ត៌មាននេះ មានអ្នកស្នេហាវិស័យកីឡាជាតិជាច្រើន បានប្រតិកម្ម និងរិះគន់ធ្ងន់ៗ ទៅនឹងការលើកឡើងរបស់មន្ដ្រីអង្គការខាងលើ ដែលទាញរឿងកីឡា ទៅភ្ជាប់ជាមួយរឿងនយោបាយ រហូតមកដល់ថ្ងៃទី២១ ខែធ្នូនេះ ទើបសហព័ន្ធចកីឡាបាល់ទាត់កម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺដូចខាងក្រោម៖