(ព្រះសីហនុ)៖ មុខសញ្ញាគ្រឿងញៀនចំនួន៥នាក់ ត្រូវបាននគរបាលស្រុកព្រៃនប់ បង្រ្កាបបានទាំងស្រុង និងចាប់បានថ្នាំញៀនជាច្រើនកញ្ចប់ នៅជិតតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ Fresh News ឲ្យដឹងថា នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញនគរបាល ស្រុកព្រៃនប់ បានបង្ក្រាបបទល្មើសគ្រឿងញៀន ១ករណី នៅតំបន់រោងចក្រសេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មុនដំបូងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់រួមមាន៖ ១-ឈ្មោះចាន់ សុភ័ក្រ ភេទប្រុស អាយុ៣៨ឆ្នាំ, ២-ឈ្មោះ មាន ធាន ភេទប្រុស អាយុ២៨ឆ្នាំ, ៣-ឈ្មោះ ណុប សុផានណា ភេទប្រុស អាយុ២៨ឆ្នាំ និង៤-ឈ្មោះ កើត ពិសិត ភេទប្រុស អាយុ១៧ឆ្នាំ។ អ្នកទាំង៤ ជាកម្មកររោងចក្រ មានទីលំនៅឋាននៅភូមិពូធឿងឃុំ បិតត្រាំង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សមត្ថកិច្ចចាប់យកបាន វត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន១៣កញ្ចប់ (ធំ១កញ្ចប់ តូច១២កញ្ចប់) និងទូរស័ព្ទ ចំនួន៤គ្រឿង។
លុះដល់វេលាម៉ោង២១៖៣០នាទីថ្ងៃដដែល កម្លាំងជំនាញ បានបន្តចាប់ឃាត់ខ្លួនបានមេខ្លោងធំម្នាក់ទៀត ឈ្មោះ ស៊ូ វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចមុខរ៉ារទេះភ្លើង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលជនសង្ស័យរូបនេះ មានទីលំនៅ មិនពិតប្រាកដឡើយ។ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន២កញ្ចប់ធំបន្ថែមទៀត និងទូរស័ព្ទ១គ្រឿងទៀតផងដែរ។ នេះបើតាមការឲ្យដឹងបន្ថែម ពីលោកស្នងការ៕