(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយនោះ ឱ្យមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។
សេចក្តីស្នើច្បាប់នេះ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូបដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖
«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងដោយឥតកែប្រែ កាលពីថ្ងៃតី១៣ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីពិនិត្យរួចរាល់ដោយគណៈកម្មការជំនាញ។
ក្រៅពីសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក៏នឹងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី បរធនបាលកិច្ច និងកំណត់របៀបវារៈ ក៏ដូចជាកាលបរិច្ចេទ សម្រាប់សម័យប្រជុំលើកទី២ នៃព្រឹទ្ធសភា នីតិកាលទី៤ ផងដែរ។
សូមបញ្ជាក់ថា ការរៀបចំសេចក្តីស្នើច្បាប់នេះ បានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។
រាជរដ្ឋាភិបាលបានអំពាវនាវ ដល់តុលាការឱ្យពន្លឿននីតិវិធីចំពោះបុគ្គលដែលជាប់ពាក្យបណ្តឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីថែមទៀត ដើម្បីការពារសិទ្ធិពួកគេដែលធានាដោយរដ្ឋធម្មនុញ្ញ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយសម្រាប់កាសែត Cambodia Daily រាជរដ្ឋាភិបាលក៏បានបង្ហាញឆន្ទៈអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ បើសិនជាបង់ពន្ធជូនរដ្ឋរួចរាល់។
រហូតមកដល់ពេលនេះ មានអតីតតំណាងរាស្រ្តមួយចំនួនរបស់ អតីតគណបក្សសង្រ្គោះជាតិ កំពុងរង់ចាំស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ចូលជាធរមាន។
លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា យ៉ាងហោចណាស់មានអតីតតំណាងរាស្រ្តចំនួន១០រូប នឹងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ខណៈអ្នកមួយចំនួនទៀតកំពុងពិចារណាក្នុងការទទួលយកសិទ្ធិធ្វើនយោបាយនេះ៕