(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយមន្ទីរទេសចរណ៍ខេត្ត បានត្រៀមតង់សម្រាប់គេងប្រមាណ ៣០០ឈុត ទុកសម្រាប់ជួលឱ្យភ្ញៀវទេសចរទាំងឡាយ ដែលទៅលេងកម្សាន្តនៅខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ ខាងមុខ ពោលភ្ញៀវទេសចរដែលចង់ទៅទស្សនាខេត្តព្រះសីហនុ នៅពេលឆ្លងឆ្នាំខាងមុខ មិនចាំបាច់ព្រួយបារម្ភពីកន្លែងស្នាក់នៅនោះឡើយ។
រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា «នាឱកាសបុណ្យចូលឆ្នាំសកល ២០១៩នេះ មន្ទីរទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់ជួលតង់ចំនួន ៣០០តង់ ដើម្បីឱ្យភ្ញៀវទេសចរបានកម្សាន្ត និងសម្រាក»។ កន្លែងផ្ដល់សេវាជួលតង់សម្រាប់គេងនេះ គឺនៅឆ្នេរអូឈើទាល (អតីតអារីស្តុន) ក្រុងព្រះសីហនុ។
លើសពីនេះទៀត រដ្ឋបាលខេត្តព្រះសីហនុ ក៏បានរៀបចំភ្លើងបំភ្លឺពេលរាត្រី រៀបចំឱ្យមានបន្ទប់ទឹកស្អាត និងបង្គន់ចល័តចំនួន ៤០កន្លែង ព្រមទាំងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងតំបន់បោះតង់នោះផងដែរ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 012 625 567៕