(ភ្នំពេញ)៖ អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) នាល្ងាចថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំពិធីផ្តល់កិត្តិយស និងផ្តល់លិខិតសរសើរ ដល់កុមារចំនួន ៣០នាក់ ដែលត្រូវបានអង្គការនិធិកុមារកម្ពុជា បានសង្គ្រោះពេលបានរកឃើញពួកគេដំបូងកំពុងធ្វើការ និងរស់នៅនៅកន្លែងចាក់សំរាមក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០០៤-២០១៥ រហូតមកដល់ពេលនេះពួកគេបានតស៊ូ រហូតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និងទទួលបានសញ្ញាបត្រ លើជំនាញរបស់ពួកគេរៀងៗខ្លូន។
ពិធីនេះដែរធ្វើឡើងក្រោមអធិបតីភាពលោក Scott Neeson នាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា CCF ដែលបានធ្វើឡើងនៅសាលា Neeson Cripps Academy នៅក្នុងតំបន់គំនរសំរាមស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ពិធីនេះដែរក៏មានការចូលរួមពីក្មេងៗ អង្គការមូលធិនិកុការកម្ពុជា និស្សិត រួមទាំងអាណាព្យាបាលសិស្ស និងក្មេងៗជាច្រើននាក់ផងដែរ។
លោក Scott Neeson បានថ្លែងថា ខ្ញុំបានមកកម្ពុជា ជាលើកដំបូងនៅក្នុងឆ្នាំ២០០៤ ហើយបានទៅកន្លែងចាក់សំរាមនៅតំបន់ស្ទឹងមានជ័យ ហើយបានឃើញស្ថានភាពដ៏គួរឱ្យរន្ធត់ កុមារទាំងនេះមិនមានអាហារញុំាគ្រប់គ្រាន់ មិនមានឪពុកម្តាយ ហើយរស់នៅលើគំនរសំរាម។ គិតដល់កាលនោះ ខ្ញុំគ្រាន់តែចង់ធ្វើយ៉ាងណា នាំកុមារទាំងនោះ ចាកចេញពីកន្លែងដ៏អាក្រក់នោះ ហើយឱ្យពួកគេបានចូលសាលារៀនតែប៉ុណ្ណោះ ខ្ញុំពិតជាមិនធ្លាប់សុបិន្តទាល់តែសោះថា ពួកគេនឹងមកដល់ទីនេះ ដោយបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យច្រើនយ៉ាងនេះ។
លោកបានបន្តថា ភាគច្រើននៃសិស្សទាំងនោះ បច្ចុប្បន្ននេះបានចូលរៀននៅសកលវិទ្យាល័យ ហើយអ្នកទាំងនេះគឺជាកូនក្មេង ដែលចូលមករស់នៅ និងរៀននៅពេលដែលខ្ញុំបានផ្លាស់ ទីលំនៅមកប្រទេសកម្ពុជាជាលើកដំបូង។ ក្នុងនោះក៏មានក្មេងស្រីដំបូងបង្អស់ ដែលខ្ញុំបានយកនាងចេញពីគំនរសំរាម នៅក្នុងដំណើរលើកទីមួយរបស់ខ្ញុំ មកកម្ពុជា ហើយនាងក៏មានវត្តមាននៅទីនេះផងដែរ។ នាងបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ សមិទ្ធផលទាំងនេះមានអត្ថន័យយ៉ាងធំធេងដល់សិស្ស និស្សិតដែលបញ្ចប់ការសិក្សាក្នុងថ្ងៃនេះ និងសិស្សផ្សេងៗទៀត ក៏ដូចជាគ្រួសារ CCFទាំងមូល។
លោកបានបន្ថែមថា កត្តាដែលជម្រុញចិត្ដលោក ប្រកបដោយសោមនស្សនោះ គឺ «ការដែលបានឃើញថា សមិទ្ធផលទាំងនេះ មិនត្រឹមតែក្មេងៗ ទេដែលទទួលបាន ប៉ុន្តែគឺក្រុមគ្រួសារពួកគាត់ទាំងមូល ដោយពួកគេនឹងនាំគ្រួសារ ចាកចេញពីទីកន្លែងដ៏លំបាកនេះ ហើយសំខាន់ជាងនេះទៅទៀត គឺនៅពេលដែលពួកគេមានកូនចៅ ពួកគេនឹងមានម្ហូបអាហារគ្រប់គ្រាន់ កូនរបស់ពួកគេ បានចូលសាលារៀនត្រឹមត្រូវ មានកន្លែងសមរម្យរស់នៅ ហើយគ្រប់អ្នកជំនាន់ក្រោយរបស់ពួកគេ ក៏នឹងមានជីវិតល្អប្រសើរខ្លាំងជាងនេះផងដែរ។ ទាំងអស់នេះគឺជាសុភមង្គលដ៏អស្ចារ្យសម្រាប់ខ្ញុំ ដែលបានធ្វើកិច្ចការដ៏គួរឱ្យមោទនភាពខ្លាំងណាស់» ។
កញ្ញា រួស ស្រីនិច ដែលជាក្មេងដែលរស់នៅក្នុងគំនរសំរាម ក្រោយការជួយរបស់ CCF បានតស៊ូរហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ បាននិយាយថា «ជីវភាពនៅកន្លែងចាក់សំរាមពិតជាពិបាកណាស់ ខ្ញុំគ្មានឱកាសទៅរៀនឡើយ។ និយាយតាមត្រង់ ការរស់នៅទីនេះ ដូចរស់នៅក្នុងនរក។ ខ្ញុំបានចាប់ផ្តើមជីវិតរបស់ខ្លួនដ៏លំបាក ព្រោះខ្ញុំកើតក្នុងគ្រួសារដែលមានបញ្ហា»។
នាងបានបន្តទៀតថា នាងបានពុះពារបញ្ហាប្រឈមជាច្រើនក្នុងជីវិត ហើយអង្គការ CCF បានផ្តល់ការគាំទ្រដល់នាងរហូតមក។ បច្ចុប្បន្ននាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរួចហើយ ហើយដំណើរនៃជីវិតរបស់នាងនៅអង្គការ CCF បានឈានដល់ទីបញ្ចប់ ប៉ុន្តែជំពូកថ្មីមួយនៃជីវិតរបស់នាងទើបតែចាប់ផ្តើមប៉ុណ្ណោះ។ នាងថា ប្រសិនបើគ្មានការគាំទ្រពីអង្គការ CCF នាងមិនអាចក្លាយជារូបនាងនៅពេលនេះឡើយ។
ដោយឡែក កញ្ញា ឱក ណៃហួយ និង ឱក ណៃហៀង ដែលជាបងប្អូនបង្កើតនឹងគ្នា ត្រូវបានអង្គការ CCF បានរើសយកមកចឹញ្ចឹមទាំងពីតូច រហូតមកដល់ពេលនេះ ឱកណៃហួយ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស ចំណែកប្អូនស្រី ឱក ណៃហៀង ទទួលបានសញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច បានថ្លែងដែរថា ពួកគេធ្វើការយ៉ាងនឿយហត់ ដោយរើសសំរាមពីកន្លែងចាក់សំរាមដែលដ៏មានជាតិពុល ហើយពួកនាង តែងតែភ្ញាក់តាំងពីម៉ោង ៤ទាបភ្លឺ និងរើសសំរាមរហូតដល់ពេលរសៀល ទើបត្រឡប់មកផ្ទះវិញដើម្បីហូបអាហារថ្ងៃត្រង់ ហើយបន្ទាប់ពីហូបរួច បូកនាងត្រូវត្រឡប់ទៅរើសសំរាមវិញរហូតដល់ពេលយប់ ហើយពេលខ្ញុំទៅដេក ខ្លួនរបស់ពួកគេធុំក្លិនអាក្រក់ណាស់ ហើយជីវិតពួកគេត្រូវបានកែប្រែនៅពេល ពួកគេចូលអង្គការ CCF កាលពីឆ្នាំ ២០០៥ និងចាប់ផ្តើមចូលរៀន៕