(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានថ្លែងអំណរគុណដល់ សមាជិក សមាជិក គណបក្សប្រជាជនកម្ពុជា ដែលចូលរួមផ្លាស់ប្តូរគំនិតយោបល់ល្អៗ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រយៈពេល៣ថ្ងៃមកនេះ ដើម្បីរិះរកផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។
សម្តេចបានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖ «សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី ៤១ អាណត្តិទី៥ ដែលមានរយៈពេល៣ថ្ងៃ (១៨-២០ធ្នូ)គឺបានបញ្ចប់នៅមុននេះបន្តិចនៅកោះពេជ្យ។ អរគុណសមាជិកសមាជិកាដែលបានចូលរួមពិភាក្សាផ្លាស់ប្តូរនូវគំនិតយោបល់ល្អៗអស់រយៈពេល៣ថ្ងៃមកនេះ ដើម្បីរិះរកនូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិយើងទាំងមូល»។
សម្តេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារទាំងអស់គ្នាផងដែរ។
សូមបញ្ជាក់ថា សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ បានបិទបញ្ចប់នៅម៉ោងជាង៦៖០០ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ។
សន្និបាតរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រនេះ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង៣ពាន់នាក់។
ក្រោយបញ្ចប់សន្និបាតនេះ គណបក្សប្រជាជនកម្ពុជា បានបង្ហាញសេចក្តីសម្រេចជាលទ្ធផលសំខាន់ៗ ចំនួន១១ចំណុច ដើម្បីតម្រង់ទិសសម្រាប់ការអនុវត្តរបស់ខ្លួន ទៅថ្ងៃខាងមុខ។ នៅក្នុងសន្និបាតនេះ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច៥អាណត្តិមកនេះ បានបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីចំនួន៧រូបផងដែរ ដែលធ្វើឱ្យសមាជិកអចិន្រ្តៃយ៍របស់ គណបក្សដ៏ចំណាស់នេះ មានចំនួន៣៧រូប និងមានសមាជិកគណៈកម្មាធិការកណ្តាល ចំនួន៨៦៥រូប៕