(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤១ អាណត្តិទី៥ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា សម្រេចឲ្យបានគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឲ្យស្ថិតក្នុងអត្រាទាបជាង១០ភាគរយ និងការពារមិនឲ្យភាពក្រីក្រវិលត្រឡប់មកវិញ។
ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា នឹងខិតខំជំរុញការអនុវត្តឲ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាកកាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៩ ដែលមានគោលដៅជាយុទ្ធសាស្ដ្រ៤ សំដៅកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
សេចក្ដីប្រកាសអំពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល ដែលបង្ហាញនៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោយបិទបញ្ចប់សន្និបាតដែលដំណើរការរយៈពេល៣ថ្ងៃនេះ បញ្ជាក់ថា គោលដៅជាយុទ្ធសាស្ដ្រ៤នោះរួមមាន៖
ទី១៖ ធានាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ ប្រកបដោយចីរភាព និងធន់នឹងវិបត្តិ
ទី២៖ បង្កើតការងារឲ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាពជូនប្រជាជន ជាពិសេសស្រទាប់យុវជន
ទី៣៖ សម្រេចឲ្យបានគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឲ្យស្ថិតក្នុងអត្រាទាបជាង១០ភាគរយ និងការពារមិនឲ្យភាពក្រីក្រវិលត្រឡប់មកវិញ
និង៤៖ បន្ដពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពសេវាសាធារណៈ។
បន្ថែមពីនេះ អង្គសន្និបាត ក៏បានពិនិត្យលទ្ធផលនៃការអនុវត្តការកែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ដ្រចតុកោណរបស់ររាជរដ្ឋាភិបាល ដែលមកទល់ឆ្នាំ២០១៨នេះ បានសម្រេចវឌ្ឍនភាពជាមូលដ្ឋាន ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចតាមរយៈការជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងការកែទម្រង់តាមវិស័យនានា៕