(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ចប់ការរៀបចំសន្និបាត គណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ បន្ទាប់ពីដំណើរការ អស់រយៈពេល៣ថ្ងៃ។
យោងតាមសេចក្តីជូនដំណឹងពីលទ្ធផលនៃអង្គសន្និបាតបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានប្តេជ្ញាមិនឱនក្បាល ចំពោះការដាក់សម្ពាធណាមួយ ពីមជ្ឈដ្ឋានខាងក្រៅឡើយ។
សេចក្តីប្រកាសលទ្ធផល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន, បានបញ្ជាក់យ៉ាងដូច្នេះថា « (អង្គសន្និបាត) តម្កល់ខ្ពស់ស្មារតីស្នេហាជាតិដ៏បរិសុទ្ធ ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ការមួលបង្កាច់ភាពត្រឹមត្រូវ របស់នយោបាយ និងសកម្មភាពរបស់កម្ពុជា ដោយមិនឱនក្បាលចំពោះ ការដាក់សម្ពាធណាមួយពីខាងក្រៅ»។
ថែរក្សាសន្តិភាព, សន្តិសុខ, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឲ្យបានរឹងមាំ រាំងស្កាត់រាល់សកម្មភាព ប្រទូស្តរ៉ាយ ដែលបង្កដោយពួកប្រឆាំង និងមជ្ឈដ្ឋានអន្តរជាតិនានា ដោយប្រតិបត្តិម៉ឺងម៉ាត់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ នេះបើយោងតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់បន្ថែម។
ព្រមជាមួយនេះ អង្គសន្និបាតបានប្តេជ្ញាការពារ និងពង្រឹងដំណើរការប្រជាធិបតេយ្យ ឲ្យចាក់គ្រឹះកាន់តែរឹងមាំនៅកម្ពុជា លើមូលដ្ឋានធានានូវសន្តិភាព និងការអភិវឌ្ឍ និងត្រូវផ្សារភ្ជាប់ជាមួយ ការថែរក្សាអត្តសញ្ញាណជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់ជាតិ និងការកសាងសុខដុមរមនា ក្នុងសង្គមកម្ពុជាផងដែរ៕