(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង៦៖០០ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងរយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ។
សន្និបាតរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រនេះ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង៣ពាន់នាក់។
ក្រោយបញ្ចប់សន្និបាតនេះ គណបក្សប្រជាជនកម្ពុជា បានបង្ហាញសេចក្តីសម្រេចជាលទ្ធផលសំខាន់ៗ ចំនួន១១ចំណុច ដើម្បីតម្រង់ទិសសម្រាប់ការអនុវត្តរបស់ខ្លួន ទៅថ្ងៃខាងមុខ។
នៅក្នុងសន្និបាតនេះ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច៥អាណត្តិមកនេះ បានបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីចំនួន៧រូបផងដែរ ដែលធ្វើឱ្យសមាជិកអចិន្រ្តៃយ៍របស់ គណបក្សដ៏ចំណាស់នេះ មានចំនួន៣៧រូប និងមានសមាជិកគណៈកម្មាធិការកណ្តាល ចំនួន៨៦៥រូប៕