(ប៉ៃលិន)៖ លោកស្រី សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈកូនប្រុសលោកស្រី និងលោកស្រី ប៉ុក ណាឌី អភិបាលរងបន្ទាយមានជ័យបានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរារចណ៍ដ៏រន្ធត់នេះផងដែរ។
ភ្នាក់ងារព័ត៌មាន Fresh News បានបញ្ជាក់ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរារចណ៍ខាងលើនេះ ស្ថិតនៅភូមិឈើនាគ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីជនរងគ្រោះទាំងបីនាក់ បានវិលពីភ្នំពេញ ត្រឡប់មកខេត្តប៉ៃលិនវិញ។
មុនពេលកើតហេតុហេតុ គេឃើញរថយន្តរបស់លោកស្រីអភិបាលរងខេត្តប៉ៃលិន ម៉ាកលុច្សស៊ីស បានធ្វើដំណើរបញ្ច្រាសទិសគ្នា ពីភ្នំពេញទៅខេត្តប៉ៃលិន រហូតមកដល់កន្លែងកើតហេតុ ក៏បុកជាមួយរថយន្តពីរគ្រឿងទៀតពេញទំហឹង បណ្តាលឱ្យលោកស្រីអភិបាលរងខេត្ត ស្លាប់បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំណែករថយន្តទាំងបីគ្រឿង ខូតខាតទាំងសង្ខាង។
សូមបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ សោម មុន្នីរ័ត្ន អាយុ៥៦ឆ្នាំ ជាអភិបាលរងខេត្តប៉ៃលិន, លោកស្រី ម៉ុក ណាឌី អាយុ៤៩ឆ្នាំ ជាអភិបាលរងខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ និងកូនប្រុស អភិបាលរងខេត្តប៉ៃលិនរងរបួសធ្ងន់ផងដែរ។
បច្ចុប្បន្ន សពត្រូវបានតម្កល់ទុក ចំណែកជនរងគ្រោះទាំងពីរនាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕