(កំពង់ធំ)៖ ពន្លឺយុត្តិធម៌ត្រូវបានរះឡើងសម្រាប់បងប្អូនប្រុសស្រី២នាក់ ដែលឪពុកម្ដាយរបស់ខ្លួន បានស្លាប់ដោយសារទាស់ទែងរឿងប្រច័ណ្ឌកាលពីប៉ុន្មានថ្ងៃមុន ធ្វើឲ្យផ្អើលនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពាក់ព័ន្ធនឹងការកោះអញ្ជើញពីសំណាក់មន្ដ្រីអាវុធហត្ថ ឲ្យកូនប្រុសបងចូលទៅបំភ្លឺ ពាក់ព័ន្ធតុងទីនរបស់ឪពុកម្ដាយ ដែលបានស្លាប់ចោលពួកគេទៅហើយនោះ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី ផុន សុផល នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ធំ បានចេញលិខិតអញ្ជើញទៅយុវជន ហេង ដេវីដ អាយុ២១ឆ្នាំ ចូលទៅបំភ្លឺនៅការិយាល័យរបស់លោក វេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីមកដោះស្រាយដំណើររឿងតុងទីន ដែលមានការពាក់ព័ន្ធជាមួយឈ្មោះ អ៊ីង សៀវហៀង អាយុ៤០ឆ្នាំ (ម្ដាយយុវជន) ដែលបានស្លាប់ដោយសារ ប្ដីបាញ់សម្លាប់ក្នុងករណីទាស់គ្នារឿងប្រច័ណ្ឌ កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ នៅផ្ទះរបស់ខ្លួនក្នុងភូមិបាល្ល័ងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។

ក្រោយមានលិខិតកោះអញ្ជើញហៅយុវជន ហេង ដេវីដ ទៅដោះស្រាយរឿងតុងទីនម្ដាយដែលបានស្លាប់ចោលនោះ ត្រូវបានសាច់ញាតិរបស់ខ្លួនយកមកបង្ហោះ លើបណ្ដាញសង្គម Facebook ដោយចោទជាសំណួរថា «ជាបទល្មើសព្រហ្មទណ្ឌ និងតើកូនបានជាប់ពាក់ព័ន្ធយ៉ាងដូច្នេះ បើម្ដាយស្លាប់បាត់ទៅហើយ និងតើមានចែងក្នុងមាត្រាទីប៉ុន្មាន និងនៅក្នុងច្បាប់អ្វី?»

ក្រោយពីការបង្ហោះនៅលើ Facebook ពីករណីអយុត្តិធម៌នេះ ស្រាប់តែអ្នកលេង Facebook បានចូលទៅខំមិន និងស៊ែររាប់ពាន់​នាក់ ដោយរិះគន់ពេញទំហឹងទៅលើមន្ដ្រីអាវុធហត្ថ ដោយម្នាក់ៗចាត់ទុកថា វាជារឿងអយុត្តិធម៌បំផុត ខណៈដែលម្ដាយឪពុករបស់ខ្លួនបានស្លាប់ បែរជាហៅកូនទៅសួរនាំ និងចង់ឲ្យសងថ្លៃតុងទីនយ៉ាងដូច្នេះ។

សន្ទុះនៃការរិះគន់បានផ្ទុះឡើងកាន់តែខ្លាំង រហូតមានអន្ដរាគមន៍ពីថ្នាក់ដឹកនាំពាក់ព័ន្ធ ក្នុងនោះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, អភិបាលខេត្តកំពង់ធំ លោក សុខ លូ, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក អ៊ិត សុធា ព្រមទាំងការចុះផ្សាយព្រោងព្រៀតពីអ្នកសារព័ត៌មានជាដើម។

សម្រាប់នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីទទួលបានករណីនេះភ្លាម លោកបានបញ្ជាឲ្យមេបញ្ជាការអាវុធហត្ថ ពិនិត្យរឿងនេះជាបន្ទាន់ និងមានវិធានការណ៍ ដោះស្រាយប្រកបដោយយុត្តិធម៌។ ដោយឡែក ទាំងអភិបាលខេត្តកំពង់ធំ និងព្រះរាជអាជ្ញា ក៏បានបញ្ជាចំណាត់ការរបស់ខ្លួន ដោយមិនឲ្យមានការចោទប្រកាន់ណាមួយ តាមផ្លូវច្បាប់នោះឡើយ។

សាច់ញាតិរបស់យុវជន ហេង ដេវីដ ដែលបង្ហោះនៅលើ Facebook រៀបរាប់ពីរឿងអយុត្ដិធម៌នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះថា​ ប្អូនរបស់ខ្លួនពិតជាត្រូវមន្ដ្រីអាវុធហត្ថ កោះហៅឲ្យទៅសងថ្លៃតុងទីន ដែលម្ដាយរបស់ខ្លួនបានលេងជំពាក់មេតុងទីនកាលនៅរស់។

ប៉ុន្ដែសាច់ញាតិរូបនេះ ក៏បានអះអាងផងដែរថា​ ក្រោយមានអន្ដរាគមន៍ពីថ្នាក់ដឹកនាំ ក៏ដូចជា ខ្លួនបានបង្ហោះនៅលើ Facebook នោះខាងមន្ដ្រីអាវុធហត្ថ ក៏បានមកសម្របសម្រួល និងសុំទោស ហើយសុំបញ្ចប់ត្រឹមនេះតទៅទៀត។

យោងតាមរបាយការណ៍របស់លោក ផុន សុផល ផ្ញើជូនមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានលើកហេតុផលថា លោកបានចេញលិខិតកោះហៅ យុវជន ហេង ដេវីដ បន្ទាប់ពីលោកអនុសេនីយ៍ឯក គង់ ឈុនលី មេបញ្ជាការរងក្រុងស្ទឹងសែន ទៅជួបរូបលោក ដើម្បីឲ្យចេញលិខិតចរចាករណីតុងទីន ដែលឪពុកម្ដាយរបស់ ដេវីដ ជាប់ពាក់ព័ន្ធពេលនៅរស់។

នាយការិយាល័យរូបនេះ ក៏បានលើកឡើង ពីអំពើមនុស្សធម៌ផងដែរ ប៉ុន្ដែក៏ចង់ជួបយុវជន ហេង ដេវីដ សួរនាំពីករណីឃាតកម្ម និងការប្រើប្រាស់កាំភ្លើងខ្លី ពីសំណាក់ឪពុករបស់ខ្លួនពីនៅរស់ ហើយក៏ពុំមានចេតនាគៀបសង្កត់ដល់ជនរងគ្រោះ ឬក៏បង្ខិតបង្ខំជនរងគ្រោះនោះដែរ។

ជាមួយគ្នានេះ លោក ផុន សុផល ក៏បានទទួលស្គាល់កំហុសថា ការចេញលិខិតកោះហៅយុវជន ហេង ដេវីដ ខាងលើនេះ ក៏មិនបានឆ្លងយោបល់ទៅកាន់មេបញ្ជាការរបស់ខ្លួនផងដែរ និងបានចាត់ទុកថា ជាការធ្វេសប្រហែសមិនបានគិតគូរ និងពិភាក្សាឲ្យដិតដល់។

មតិមួយចំនួនដែលបានដឹងករណីនេះ បានទម្លាក់កំហុស និងរិះគន់យ៉ាងខ្លាំង ពីចំណាត់ការមន្ដ្រីអាវុធហត្ថ ជាពិសេសលោកអនុសេនីយ៍ឯក គន់ ឈុនលី មេបញ្ជាការរងអាវុធហត្ថក្រុងស្ទឹងសែន ទំនងប្រពន្ធរបស់ខ្លួន ឬសាច់ញាតិរបស់ខ្លួន ​ធ្វើមេតុងទីន ទើបមកឲ្យចេញចំណាត់ការរហ័ស និង​ខុសទំនងបែបនេះ។ បើទោះបីមិនបានគិតដល់ផ្លូវច្បាប់ តែក៏ត្រូវគិតអំពីមនុស្សធម៌ ដែលពួកគេត្រូវឪពុកម្ដាយស្លាប់ចោលយ៉ាងដូច្នេះ នេះចេះសំណាងដែលបានទម្លាយរឿងនៅលើ Facebook រហូតមានអន្ដរាគមន៍ពីថ្នាក់ដឹកនាំ ចុះបើរឿងរ៉ាវទាំងនេះមិនត្រូវបានទម្លាយចេញនោះ តើពួកគេនឹងទទួលនូវភាពអយុត្តិធម៌យ៉ាងដូចម្ដេចខ្លះ ដែលត្រូវរ៉ាបរង់សងថ្លៃតុងទីនជំនួសឪពុកម្ដាយ ដែលបានស្លាប់ចោលបាត់ទៅហើយនោះ៕​