(មណ្ឌលគិរី)៖ ដំណើរភាពយន្តចល័តចិន-ខ្មែរ ដ៏ឆ្នើមលើកទី៣ ដែលបានធ្វើដំណើរ មកដល់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងបានចាក់បញ្ចាំង នៅទីធ្លាក្បែររង្វង់មូលគោព្រៃ កាលពីរាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នោះ ទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង ដោយសារតែមានការចូលរួម និងគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរក្រុង មន្ទីរពាក់ព័ន្ធ និងការចូលរួមទស្សនា ពីបងប្អូនប្រជាពលរដ្ឋ ព្រមទាំងប្អូនៗសិស្សានុសិស្ស យ៉ាងច្រើនកុះករ ប្រមាណជា ១.៣០០នាក់។
គួរបញ្ជាក់ថា ឆ្នាំ២០១៨នេះ ស្របពេលដែលប្រមុខ ថ្នាក់ដឹកនាំកម្ពុជា-ចិន បានប្រារព្ធខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រឹត្តិការណ៍ «ដំណើភាពយន្តចល័តចិន-ខ្មែរ ដ៏ឆ្នើមលើកទី» ត្រូវបានចាប់ផ្ដើម បន្តបេសកកម្មរបស់ខ្លួនបន្តទៀត ដោយមានកិច្ចសហការរវាងស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងរៀបចំផ្ទាល់ដោយវិទ្យុមិត្តភាពកម្ពុជាចិន។
ព្រឹត្តិការណ៍ ដំណើភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៣នេះ បានចាប់ផ្ដើមបេសកកម្ម ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដោយទទួលបានជោគជ័យយ៉ាងធំសម្បើម នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងចុងក្រោយ គឺខេត្តមណ្ឌលគិរី និងបានធ្វើដំណើរ ក្នុងចម្ងាយផ្លូវដ៏វែងឆ្ងាយ សរុបប្រមាណជាជាង២.៥០០គីឡូម៉ែត្រ និងមានអ្នកចូលរួមទស្សនា សរុបប្រមាណជា១៥។០០០នាក់។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី វិន ស៊ីធួ អភិបាលរងខេត្តមណ្ឌលគិរី ដែលបានមានវត្តមាន ជាអធិបតីក្នុងព្រឹត្តិការណ៍នេះ បានថ្លែងថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី» នេះ បានជំរុញឱ្យមានការផ្លាស់ប្តូរ នូវវប្បធម៌សិល្បៈភាពយន្ត នៃប្រទេសកម្ពុជា-ចិន ហើយក៏បានធ្វើឱ្យប្រជាជន នៃប្រទេសទាំងពីរ ស្គាល់គ្នាកាន់តែច្បាស់ និងបានស្វែងយល់ពីគ្នា ទៅវិញទៅមក កាន់តែស៉ីជម្រៅបន្ថែមទៀត។
ជាមួយគ្នានេះដែរ លោក ហ្វឹង ហ៊ុយ អគ្គនាយកវិទ្យុមិត្តភាពកម្ពុជា-ចិន បានថ្លែងថា ព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្ត ចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៣ ឆ្នាំ២០១៨នេះ គឺរៀបចំឡើងឡើង ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរវប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
លោក ហ្វឹង ហ៊ុយ ក៏បានអរគុណចំពោះរដ្ឋបាលខេត្តក្រុង អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី ដែលបានគាំទ្រសហការ និងចូលរួមទស្សនាយ៉ាងច្រើនកុះករបែបនេះ ហើយការចូលរួមទស្សនា របស់បងប្អូនប្រជាពលរដ្ឋខ្មែរ តាមបណ្ដាខេត្តនានា ក៏ដូចជានៅខេត្តមណ្ឌលគិរីនេះ ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជាចិន កាន់តែស្អិតរមួត និងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឈរ។
កញ្ញា ត្រាវ ឆ្វេ ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យហ៊ុនសែន មណ្ឌលគិរី ដែលបានមកចូលរួមទស្សនា ភាពយន្តចិនខ្មែរនេះដែរ បានចាត់ទុកថា ការបញ្ចាំងភាពយន្តនេះ ពិតជាល្អមើលខ្លាំងណាស់។ កញ្ញាថា ទាំងរូបភាព ទាំងការអប់រំ និងបានមើលឃើញពីទិដ្ឋភាពនានា នៃប្រទេសចិន រួមទាំងវប្បធម៌របៀបរបប រស់នៅរបស់ប្រជាជនចិន និងកម្ពុជាផងដែរ។
យុវជន លឹម សំណាង មានអាយុ១៧ឆ្នាំ ដែលកំពុងទស្សនាយ៉ាងជក់ចិត្តផងនោះ ក៏បានប្រាប់ឱ្យដឹងថា ការចាក់បញ្ចាំងភាពយន្តចិនខ្មែរនេះ ពិតជាវិសេសវិសាលខ្លាំងណាស់ ព្រោះជារឿងដែលបានផ្ដល់តម្លៃអប់រំ និងការកម្សាន្តសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអ្នករស់នៅ ខេត្តមណ្ឌលគិរីនេះតែម្តង ហើយវាក៏ជាលើកទី១ផងដែរ ដែលអ្នកខេត្តមណ្ឌលគិរី បានទស្សនាដោយផ្ទាល់ នូវភាពយន្តខ្នាតធំបែបនេះ។
លោកស្រី ជ្រឺ ចាន់រី ជាប្រជាជនជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី បានបង្ហាញក្តីរំភើប សប្បាយរីករាយក្រៃលែង ចំពោះវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលបាននាំយកនូវភាពយន្តចិនខ្មែរ ដ៏ល្អឆើតឆាយ កចាក់បញ្ចាំងឱ្យបងប្អូនប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី បានទស្សនាដោយសេរី។ លោកស្រី បានថ្លែងអំណរគុណចំពោះព្រត្តិការណ៍ ដ៏មានអត្ថន័យនេះ និងសំណូមពរឱ្យមាន ការចាក់បញ្ចាំងភាពយន្តបែបនេះ ជាបន្តបន្ទាប់ទៀតផងដែរ៕