(ចិន)៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មកពីប្រទេសនៃសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាង ដែលរួមមានដូចជា៖ ចិន ឡាវ កម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានជួបប្រជុំគ្នានៅទីក្រុងលួងព្រះបាង ប្រទេសឡាវ កាលពីសប្តាហ៍មុន ដើម្បីឈានទៅរកការចុះកិច្ចព្រមព្រៀងគ្នា ទៅលើវិធីផ្សេងៗ សម្រាប់យកមកអភិវឌ្ឍអនុតំបន់នេះ ប្រកបដោយនិរន្តរភាព និង ការសហការល្អ។

កិច្ចប្រជុំលើកទីបួន របស់ក្រុមរដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសដែលចូលរួមក្នុងសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាង បានឈានដល់មានការចុះកិច្ចព្រមព្រៀង ទៅលើវិស័យមួយចំនួន ដែលផ្ដល់អត្ថប្រយោជន៍ ដល់គ្រប់ភាគី។ អត្ថប្រយោជន៍ទាំងនោះ រួមមានដូចជាសហប្រតិបត្តិការ លើសមត្ថភាពផលិតដែលមានគុណភាពខ្ពស់ និងការកសាងក្រវ៉ាត់អភិវឌ្ឍសេដ្ឋកិច្ច នៃសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាង។

ឧត្ដមទីប្រឹក្សារដ្ឋ និង រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង អ៊ី និង រដ្ឋមន្ត្រីការបទេសឡាវ លោក សាលើមសាយ កុំម៉ាសិទ្ធ បានធ្វើជាអធិបតីក្នុងពិធីប្រជុំនេះ ដោយមានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោក យូ ខ្វាធីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក ដន ប្រាមុតវីណៃ រដ្ឋមន្ត្រីការបរទេសថៃ និង លោក ផាម បីញមីញ អនុនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសវៀតណាម។

លោករដ្ឋមន្ត្រីការបរទេសចិន សហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាង បានផ្ដល់កម្លាំងជំរុញបន្ថែមដល់សហប្រតិបត្តិការចិន-អាស៊ាន ព្រមទាំងបានធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងរវាងបណ្ដាប្រទេស ទាំងឡាយនៅក្នុងតំបន់នេះ។

លោក ក៏បានលើកឡើងអំពីភាពចាំបាច់ ដែលប្រទេសទាំង៦ ត្រូវពង្រឹងចំណងទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ ដើម្បីកសាងក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ច នៃសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាង ដើម្បីលើកស្ទួយ ដល់សហប្រតិបត្តិការលើវិស័យផលិត និងបណ្ដុះឲ្យមានការអភិវឌ្ឍថ្មីៗ បន្ថែមសម្រាប់ជួយលើកស្ទួយ ដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

រដ្ឋមន្ត្រីមកពីប្រទេសទាំង៦ បានយល់ព្រមសម្របសម្រួល ដល់ការអភិវឌ្ឍនៃសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាង ដោយប្រទេសនីមួយៗ សុទ្ធតែមានផែនការអភិវឌ្ឍន៍រយៈពេលវែងរៀងៗខ្លួន។ រដ្ឋមន្ត្រីទាំង៦ ក៏បានយល់ព្រមថា​ នឹងពង្រឹងការតភ្ជាប់ទំនាក់ទំនងថ្នាក់អនុតំបន់ ក៏ដូចជាស្វែងរកឱកាសថ្មីៗ ដើម្បីធ្វើសហប្រតិបត្តិការឆ្លងតំបន់ផងដែរ៕ (សារព័ត៌មាន CCTV របស់ចិន)

\