(ចិន)៖ ការអភិវឌ្ឍ នៃវិស័យអនឡាញរបស់ប្រទេសចិន បានក្លាយជាការអភិវឌ្ឍគំរូមួយ សម្រាប់ឲ្យបណ្ដាប្រទេស កំពុងអភិវឌ្ឍយកទៅអនុវត្តតាម ដើម្បីទទួលបានជោគជ័យលើវិស័យសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសគឺវិស័យលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិចតែម្ដង។
ព្រីនក្រដាសកុម្ម៉ង រកទំនិញឲ្យត្រូវតាមការកុម្ម៉ង់ និងផ្ញើឥវ៉ាន់នោះ ទៅក្រៅប្រទេស! នេះគឺជាការងារប្រចាំថ្ងៃរបស់លោក ជិន ប៉។ កាលពី៨ឆ្នាំមុន គាត់បានចាប់ផ្ដើមលក់ឥវ៉ាន់តូចៗ ដូចជាតុក្កតា និង ប៊ិចសៀវភៅ ទៅឲ្យអតិថិជនជាជនបរទេស តាមវេបសាយអន្តរជាតិជាច្រើន។ ចាប់តាំងពីពេលនោះមក មុខរបររបស់គាត់ ក៏បានរីកចម្រើនយ៉ាងខ្លាំង។
លោក ជិន ប៉ ស្ថាបនិក ក្រុមហ៊ុន សៀងហៃ ភ័យគាន់ បាននិយាយថា «ក្នុង១ខែ យើងមានភ្ញៀវកុម្ម៉ង់ឥវ៉ាន់ ពី១សែន ទៅ២សែនមុខ។ យើងក៏មានលក់ទំនិញបោះដុំដែរ ដែលមានតម្លៃពី៥ម៉ឺន ទៅ៦ម៉ឺនដុល្លារ ជាមធ្យម សម្រាប់ការកុម្ម៉ង់ម្ដង»។ ទំនិញដែលលក់ បាននៅលើវេបសាយទាំងអស់ រកចំនូលបានដល់ទៅជាង១លាន ១សែន ៦ម៉ឺនលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ដោយក្នុងនោះ មាន៨០% ជាទំនិញដែលនាំចេញ ពីប្រទេសចិន។
ទីផ្សារនៅអាមេរិកនិងអឺរ៉ុប សំបូរអ្នកទិញទំនិញតាមអនឡាញជាងគេ។ ចំណែកឯប្រទេស ដែលកំពុងមានសេដ្ឋកិច្ចស្ទុះឡើងខ្លាំង ដូចជាប្រេស៊ីល និង ឥណ្ឌាវិញ ក៏មានប្រជាជនទិញទំនិញតាមអនឡាញ កាន់តែច្រើននាក់ដែរ។ ការងើបឡើង នៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិចរបស់ចិន ក៏បានជំរុញឲ្យក្រុមហ៊ុនលក់រាយនៅបរទេស ត្រូវកែសម្រួលផែនការលក់របស់ពួកគេដែរ។
ក្រុមហ៊ុនលក់គ្រឿងសម្អាងបារាំង YSL បានមកបើកអាជីវកម្ម នៅប្រទេសចិនកាលពីឆ្នាំ២០១៣។ មួយឆ្នាំក្រោយមក គេក៏ចាប់ផ្ដើមលក់ផលិតផលរបស់ក្រុមហ៊ុន តាមវេបសាយផ្លូវការរបស់ក្រុមហ៊ុន។ តែឆ្នាំនេះ ទីផ្សារលក់ទំនិញអនឡាញ ដែលមានការប្រកួតប្រជែងគ្នាខ្ពស់ បានជំរុញឲ្យក្រុមហ៊ុននេះ បើកកន្លែងលក់ទំនិញមួយ នៅលើវេបសាយ T-mall។
លោក សេបេស្ទាន ស៊ីង ប្រធានផ្នែកប្រ៊ែន ក្រុមហ៊ុន YSL Beaute បានឲ្យដឹងថា «អតិថិជនឥឡូវ ងាកមកប្រើសេវាអនឡាញអស់ហើយ ដើម្បីទិញទំនិញផង និង ដើម្បីបានស្គាល់អំពីផលិតផល របស់ក្រុមហ៊ុនផ្សេងៗផង។ ហើយរបៀបដែលយើងទាក់ទាញអតិថិជន ក៏ត្រូវប្ដូរដែរ។ គឺប្ដូរពីការដែលមានត្រឹមតែហាងនៅតាមផ្លូវ មកជាមានលក់ទាំង នៅតាមហាង និងតាមអនឡាញវិញ»។
ក្រៅពីYSL ក៏មានក្រុមហ៊ុនបរទេសជាច្រើនទៀតដែរ ដែលបានកែសម្រួលវិធីលក់ទំនិញរបស់ខ្លួន។ ក្រុមហ៊ុនល្បីៗជាច្រើន បានបើកកន្លែងលក់តាមអនឡាញរបស់គេ ដើម្បីទាញយកផល ដែលមាននៅក្នុងទីផ្សារដ៏ធំ របស់ប្រទេសចិន។ នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនដូចជា FedEx របស់អាមេរិកជាដើម ដែលកំពុងពង្រីកជើងហោះហើរ ទៅក្រៅប្រទេសកាន់តែច្រើនជើង ដើម្បីរ៉ាប់រងការងារដឹកទំនិញ ដ៏ច្រើននាពេលសព្វថ្ងៃ។
លោក អេឌី ចាន់ ប្រធាន ក្រុមហ៊ុន FedEx ប្រចាំប្រទេសចិន បានឲ្យដឹងផងដែរថា «យើងសង្កេតឃើញថា អតិថិជនកំពុងប្ដូរឥរិយាបថរបស់ពួកគេហើយ។ ក្រៅពីវិស័យនាំចេញនាំចូលទៅ យើងឃើញថា វិស័យលក់ទំនិញតាមអនឡាញ ក៏កំពុងអភិវឌ្ឍយ៉ាងល្អដែរ។ ស្ថានភាពនេះ ផ្ដល់ឱកាសដ៏ល្អ សម្រាប់ក្រុមហ៊ុនដឹកទំនិញដូចជា FedEx របស់យើង»។
ក្រៅពីអ្នកលក់ និងអ្នកដឹកទំនិញទៅ ក៏មានភាគីផ្សេងទៀតដែរ ដែលទទួលបានផលប្រយោជន៍ ពីការរីកចម្រើនដ៏ឆាប់រហ័ស នៃវិស័យអីនធើណេតរបស់ចិន។ ការអភិវឌ្ឍនៃវិស័យអិនធើណេតរបស់ចិន ក៏មានតួនាទីដ៏សំខាន់ នៅក្នុងទីផ្សារពិភពលោកដែរ។
អ្នកនាង ហ៊ូ សៀរឈីង អ្នកឯកទេសទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន Ant Financial បានលើកឡើងថា «ក្រុមហ៊ុនយើង ចង់នាំយកបទពិសោធន៍នៅប្រទេសចិននេះ ទៅកាន់ពិភពលោក។ យើងបានជួយបង្កើត ប្រព័ន្ធទូទាត់ប្រាក់ នៅក្នុងប្រទេស និងតំបន់ចំនួន៩ ដែលកំពុងចូលរួមក្នុងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ប្រព័ន្ធទូទាត់ប្រាក់នេះ គឺមានជំនួយពីបច្ចេកវិទ្យា និងប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន Alipay»៕ (សារព័ត៌មាន CCTV របស់ចិន)