(សៀមរាប)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ និងសុខភាពប្រជាពលរដ្ឋ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងតំណាងម្ចាស់ផ្សារបន្ទាយស្រី ដែលមានទីតាំងនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូល ខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ បានឲ្យដឹងថា នៅក្នុងឱកាសចុះត្រួតពិនិត្យទំនិញវេចខ្ចប់ និងផលិតផលម្ហូបអាហារមួយចំនួន ដែលដាក់តាំងលក់ នៅក្នុងផ្សារបន្ទាយស្រីខាងលើនេះ បានធ្វើតេស្តជាបឋម ទៅលើផលិតផលចំណីអាហារចំនួន៧គំរូ មានដូចជា៖ ស្ពៃជ្រក់, ជ្រក់មមាញ, នំបញ្ចុក, សណ្ដែកបណ្តុះ, ផ្សិតម្ជុល, ផ្សិលព្រិល, ប្រហុក។
ជាលទ្ធផល មន្រ្ដីជំនាញពុំបានរកឃើញ សារធាតុគីមីហាមឃាត់ណាមួយ នៅក្នុងគំរូផលិតផលម្ហូបអាហារទាំងនោះឡើយ។ ចំណែកទំនិញវេចខ្ចប់ និងខូចគុណភាព ដែលដាក់តាំងលក់តាមតូប និងដេប៉ូ មួយចំនួនទៀត ដើម្បីមើលកាលបរិច្ឆេទផុតកំណត់ ប្រើប្រាស់ កំប៉ុងកំពិត ច្រេសស៊ី -ល-។ ជាលទ្ធផល មន្រ្ដីជំនាញពុំបានជួបទំនិញខូចគុណភាពណាមួយឡើយ។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារ ក៏បានចែកផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារបន្ទាយស្រី ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីក្នុងម្ហូបអាហារ៕