(ភ្នំពេញ)៖ លោក គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា តួនាទីរបស់គិលានុបដ្ឋាក-យិកា និងឆ្មបមានសារសំខាន់ណាស់ ដើម្បីធ្វើការថែទាំព្យាបាល ឲ្យមានប្រសិទ្ធភាព ពីព្រោះគិលានុបដ្ឋាក-យិកា និងឆ្មបជាសហការីដ៏ជិតស្និទ្ធបំផុតរបស់គ្រូពេទ្យ ដែលមិនអាចខ្វះបាន ក្នុងការផ្ដល់ព័ត៌មាន ពីស្ថានភាពអ្នកជំងឺ និងផ្ដល់ការថែទាំ សមស្របដល់អ្នកជំងឺ គ្រប់កាលៈទេសៈ។
លោក គង់ សន្យា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកទិវា វិទ្យាសាស្ត្រទ្យាសាស្ត្រ ថែទាំគិលានុបដ្ឋាក ឆ្មបលើកទី៨ នៅព្រឹកថ្ងៃទី ២០ខែធ្នូ ឆ្នាំ ២០១៨នេះ ក្រោមការចូលរួមពីលោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាកយិកា ឆ្មប និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតផងដែរ។
ពិធីបើកទិវាវិទ្យាសាស្ត្រទ្យាសាស្ត្រ ថែទាំគិលានុបដ្ឋាក ឆ្មបលើកទី៨នេះ ត្រូវបានធ្វើឡើង ក្នុងគោលដៅផ្តល់សេវាថែទាំជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ប្រកបទៅដោយវិជ្ជាជីវៈ ទទួលខុសត្រូវខ្ពស់ ដោយផ្តោតទៅលើការអភិវឌ្ឍ សេវាថែទាំប្រកបដោយគុណភាព។
លោកសាស្ត្រាចារ្យបានបន្តថា សេវាថែទាំរបស់គិលានុបដ្ឋាក-យិកា និងឆ្នប គឺជាឆ្អឹងខ្នង នៃប្រព័ន្ធសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដ៏សំខាន់មិនអាចខ្វះបាន។ សេវាថែទាំទាំងនោះរួមមាន ការថែទាំផ្ទាល់ដល់អ្នកជំងឺ ការលើកកម្ពស់សុខភាព ការថែទាំស្រ្តីមានផ្ទៃពោះ ការស្តារនីតិសម្បទា ការលើកកម្ពស់គុណភាពនៃការថែទាំ ការថែទាំអ្នកជំងឺ ដំណាក់កាលចុងក្រោយ ការលើកកម្ពស់វិជ្ជាជីវៈ តាមរយៈការបណ្តុះបណ្តាលបន្ត ការស្រាវជ្រាវដើម្បីកែលម្អចំណុចខ្សោយ នៃការថែទាំ ការចូលរួមចំណែកក្នុងការ រៀបចំផែនការ ឬគោលនយោបាយថែទាំសុខភាព និងសេវាថែទាំសំខាន់ៗដទៃទៀត។
បើតាមលោកសាស្ត្រាចារ្យ សេវាទាំងនេះហើយ ដែលជាកត្តាជំរុញឱ្យគិលានុបដ្ឋាក-យិកា និងឆ្មប បានចូលរួមចំណែកយ៉ាងធំធេង បម្រើសុខមាលភាព របស់ប្រជារាស្ត្រនៅទូទាំងកម្ពុជា ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ របស់ក្រសួងសុខាភិបាល ក្រោមគោលនយោបាយ និងម្លប់សន្តិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំ។
លោក គង់ សន្យា បន្តថាទិវាវិទ្យាសាស្ត្រថែទាំ គិលានុបដ្ឋាក-យិកា និងឆ្នប លើកទី៨ ស្តីពី «ការអភិវឌ្ឍន៍សេវាថែទាំ ប្រកបដោយគុណភាព» ពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្វែងយល់ពីសមិទ្ធផល និងរបកគំហើញថ្មីៗ។
គិលានុបដ្ឋាក-យិកា និងឆ្មប ដែលបានប្រឹងប្រែង ក្នុងអំឡុងពេលកន្លងមក ក្នុងការថែទាំជំងឺ មកពិភាក្សាលើ ករណីជំងឺចាំបាច់មួយចំនួន ដែលបានជួបប្រទះ ទាំងឧបសគ្គ និងដំណោះស្រាយ ល្អៗក្នុងជីវិតការងារ ប្រចាំថ្ងៃរបស់ខ្លួន ចែករំលែកនូវបទពិសោធន៍រវាងគ្នា ដើម្បីបង្កើននូវចំណេះដឹង ជំនាញ និងឥរិយាបថត្រឹមត្រូវល្អក្នុងគោលបំណង កាត់បន្ថយការសម្រាកពេទ្យយូរ អត្រាគ្រោះថ្នាក់ និងស្លាប់នៅក្នុងមន្ទីរពេទ្យ។ ពិសេសផ្តល់ជូនដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺនូវស្នាមញញឹមនៃក្តីសង្ឃឹម ពេលចេញពីមន្ទីរពេទ្យ។
រាល់ប្រធានបទ ដែលលើកឡើងមកបង្ហាញក្នុងទិវាវិទ្យាសាស្ត្រថែទាំ គិលានុបដ្ឋាក-យិកា និងឆ្មបលើកទី៨នេះ មានការផ្តោតទៅលើការថែទាំ ត្រៀមមុនវះកាត់ទូទៅ និងការថែទាំក្រោយការវះកាត់បេះដូង ការអប់រំអ្នកជំងឺបេះដូង ជំងឺហើមសួតស្រួចស្រាវ ការថែទាំជំងឺធ្ងន់ធ្ងរក្រោមដំណកដង្ហើម ដោយម៉ាស៉ីនជំនួយដង្ហើម សេវាថែទាំស្ត្រីមានផ្ទៃពោះចូលសម្រាលកូន ការថែទាំ ងូតទឹកដល់ទារកទើបកើត និងជាពិសេសក្រមសីលធម៌វិជ្ជាជីវៈ សមត្ថភាព រួមរបស់ គិលានុបដ្ឋាក-យិកា និងឆ្មបជាចំណុចសំខាន់ចាំបាច់ក្នុងការពង្រឹង គុណភាព ការផ្តល់វាថែទាំ និងព្យាបាល ជូនប្រជាពលរដ្ឋទូទាំងប្រទេស។
ជាពិសេស អ្នកជំងឺដែលបានមកទទួលសេវាពិនិត្យ សម្រាកព្យាបាល ក្នុងមន្ទីរពេទ្យកាល់ម៉ែត មានកំណើនយ៉ាងខ្ពស់គួរជាទីមោទនៈ ចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ធ្វើឱ្យអតិថិជនមានជំនឿទុកចិត្ត លើសេវាថែទាំព្យាបាល ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត។
លោកថា កំណើនទាំងនេះ ព្រោះកម្ពុជាជាសមាជិកមួយក្នុងចំណោមប្រទេសអាស៊ានទាំង១០។ លោកបន្តថា យោងតាមកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក (Member Regional of Asean) សមាជិកអាស៊ាន បានឯកភាពគ្នាពង្រឹងសមត្ថភាព របស់គិលានុបដ្ឋាក-យិកា និងឆ្នប ដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវាថែទាំ ក្នុងតំបន់ជាក់ស្តែង គិលានុបដ្ឋាក-យិកា បានទៅបន្តការសិក្សាស្វែងយល់ ពីបណ្តាប្រទេសជិតខាង ដូចជា សិង្ហបុរី ថៃ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន សហរដ្ឋអាមេរិក ដើម្បីបង្កើននូវសម្ថភាពថែទាំព្យាបាល ឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់៕