(កំពង់ចាម)៖ សាខាកាំកុងត្រូលខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យ ទៅលើទំនិញវេចខ្ចប់ស្រាប់ នៅតូបមួយចំនួន ក្នុងភូមិសាស្រ្តភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោក ស៊ាន ស៊ីណាត ប្រធានកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា លទ្ធផលក្រុមការងារយើងបានរកឃើញផលិតផលហួសកាលបរិច្ឆេទដូចជា ទឹកក្រូចម៉ាក OISHI ចំនួន១៧ដប ទឹកក្រូចម៉ាកzenyaចំនួន២១ដប និងទឹកក្រូច ម៉ាក FANTA ចំនួន៣៧ដប ហើយក្រុមការងារបានដកហូតយកទៅកម្ទេចចោល។
នៅក្នុងឱកាសចុះពិនិត្យតាមម៉ាតខាងលើ មន្រ្តីជំនាញកាំកុងត្រូល ក៏បានធ្វើការណែនាំ ម្ចាស់តូបពីរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថា ប្រភេទនៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងឲ្យម្ចាស់ម៉ាតទាំងអស់ ជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃ ទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ៕