(ឧត្តរមានជ័យ)៖ ដើម្បីពង្រឹងបាននូវគុណភាពចំណីអាហារ ដែលបរិភោគប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋនោះ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានបន្តការចុះត្រួតពិនិត្យមើល លើផលិតផល និងចំណីអាហារដែលបានតាំងលក់នៅក្នុងផ្សារថ្មីអន្លង់វែង នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ការចុះពិនិត្យនេះផងដែរ មន្ត្រីសាខាកាំកុងត្រូល បានផ្តោតសំខាន់ទៅលើ គ្រឿងឧបភោគបរិភោគ ដែលហួសកាលបរិច្ឆេទ និងគ្រឿងភេសជ្ជៈដែលខូចគុណភាពផ្សេងៗ នៅក្នុងឱកាសនោះ មន្ត្រីសាខាកាំកុងត្រូលខេត្ត បានពិនិត្យឃើញមានកាហ្វេចំនួន៥០សឹបកញ្ចប់តូច និងត្រីខចំនួន១៣កំប៉ុង ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងបានសុំដកហូតទុកកម្ទេចចោលនៅពេលក្រោយ។
ជាមួយគ្នានោះផងដែរ មន្ត្រីកាំកុងត្រូលខេត្ត ក៏បានធ្វើការអប់រំណែនាំបន្ថែម ឲ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជាធំ និងជាចាំបាច់បំផុត បន្តបន្ទាប់ទៀត។ មន្រ្តីជំនាញសូមឲ្យ បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីទប់ស្កាត់ការនាំចូលផលិតផលខូចគុណភាព ឬក្លែក្លាយ ដែលបង្កដល់ផលប៉ះពាល់ ដល់សុខខុមារភាពបងប្អូន។
បន្ទាប់មក ជាមួយនិងការចុះពិនត្យនេះផងដែរ សមត្ថកិច្ច អាជ្ញាធមូលដ្ឋាន រួមនិងបងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវក្តីសម្បាយរីករាយផងដែរ ដែលបានមន្ត្រីជំនាញ ចុះមកពិនិត្យរកមើលទំនិញខូចគុណភាពដោយផ្ទាល់ ដើម្បីគិតគូទៅលើសុខភាពប្រជាពលរដ្ឋយើង៕