(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ២០១២ មន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្ត នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចូលរួមក្នុងការធ្វើឲ្យប្រសើរឡើង ជាបន្តបន្ទាប់នូវគុណភាព ដែលស្របតាមតម្រូវការ នៃស្តង់ដារអន្តរជាតិ NF EN ISO 15189: ២០១២ ដែលចាំបាច់សម្រាប់មន្ទីរពិសោធន៍ ជីវវេជ្ជសាស្ត្រនានានៅប្រទេសបារាំង។
មន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្ត បានអនុវត្តគោលការណ៍ធានាគុណភាពមួយ នៅក្នុងបរិបទនៃបេសកកម្មការ វាយតម្លៃរោគវិនិច្ឆ័យ និងជំនួយព្យាបាល ដោយមានគោលបំណងដូចខាងក្រោម៖
* ធានាបាននូវគុណភាព នៃការធ្វើតេស្តវិភាគ ដែលបានស្នើសុំអាចផ្តល់ជូន នូវលទ្ធផលដែលជឿទុកចិត្តបាន និងត្រឹមត្រូវបំផុតតាមដែលអាចធ្វើទៅបាន
* ផ្តល់ជូនលទ្ធផលទាន់ពេលវេលា ជាពិសេសនៅក្នុងករណីបន្ទាន់
* ផ្តល់ជូននូវដំបូន្មានញឹកញាប់ តាមតម្រូវការ និងគ្រប់ពេលវេលា
បន្ទាប់ពីការធ្វើសវនកម្មមួយ នៅក្នុងខែឧសភា ឆ្នាំ២០១៨ គណៈកម្មាធិការវាយតម្លៃទទួលស្គាល់ គុណភាពរបស់ប្រទេសបារាំង បានសន្និដ្ឋានថា មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រនេះ បានបំពេញគ្រប់លក្ខខណ្ឌស្របតាមតម្រូវ ការស្តង់ដារ ហើយបានសំរេចផ្ដល់នូវការទទួលស្គាល់គុណភាព លើវិសាលភាពជាក់លាក់នៃគ្លីនិកជីវសាស្ត្រដូចជា៖ ជីវគីមី លោហិតសាស្រ្ត សេរ៉ូមសាស្រ្តរកជម្ងឺឆ្លង បាក់តេរីសាស្រ្ត និងការធ្វើរោគវិនិច្ឆ័យរកមេរោគរបេង ជាមួយ GenXpert។
ជាងនេះទៅទៀត ការទទួលស្គាល់គុណភាព ស្របតាមបទដ្ឋានអន្ដរជាតិ ISO 15189 បានបង្ហាញពីសមត្ថភាពបច្ចេកទេស នៃមន្ទីរពិសោធន៍ និងប្រតិបត្តិការត្រឹមត្រូវមួយ នៅក្នុងមន្ទីរពិសោធន៍មួយនេះ ក្រោមប្រព័ន្ធគ្រប់គ្រងមួយដ៏សមស្រប។
មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាមន្ទីរពិសោធន៍ដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រ ISO 15189 ហើយជាភស្តុតាងច្បាស់លាស់ ដែលបញ្ជាក់ពីគោលការណ៍ ធានាគុណភាពរបស់យើង នោះគឺដើម្បីបង្កើនអត្ថប្រយោជន៍ជាអចិន្រៃ្តយ៍ ដល់អតិថិជន និងគ្រូពេទ្យចេញវេជ្ជបញ្ជា។
មន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្ត ត្រូវបានបង្កើតឡើងដោយប្តេជ្ញាស្វែងរកវិធីសាស្រ្តល្អបំផុត ក្នុងការផ្តល់សេវាដែលមានគុណភាព ផ្តល់នូវលទ្ធផលដែលជឿទុកចិត្តបាន និងទាន់ពេលវេលា ជូនដល់អ្នកជំងឺរបស់ខ្លួន (ប្រជាជន កម្ពុជា ជនបរទេស និងភ្ញៀវទេសចរ) សំរាប់ប្រើប្រាស់ក្នុងការធ្វើរោគវិនិច្ឆ័យប្រកបដោយប្រសិទ្ធភាព ដោយសម្ងាត់ និងដោយដំបូន្មានត្រឹមត្រូវ៕