(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យសាកលវិទ្យាអន្តរជាតិ​ (IU) បណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់លើជំនាញអភិវដ្ឍន៍ជនបទ និងសុខភាពសហគមន៍។ ការសម្រេចនេះធ្វើឡើងតាមសំណើរបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវដ្ឍន៍ជនបទ។

សំណើនេះធ្វើឡើងក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលមួយ ដើម្បីពង្រឹងសមត្ថភាព ក្នុងការដឹកនាំលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស នៅតាមថ្នាក់ក្រោមជាតិឲ្យកាន់តែមានគុណភាពខ្ពស់ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។

ជាមួយការទទួលបានការអនុញ្ញាតនេះ សាកលវិទ្យាល័យ IU បានអំពាវនាវដល់មន្ត្រីរាជការ កំពុងធ្វើការតាមក្រសួង មន្ទីរនានា និងបុគ្គលិកឯកជន កំពុងបម្រើការងារតាមក្រុមហ៊ុន សមាគម អង្គការជាតិ និងអន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់រុះរាន់ដាក់ពាក្យចូលសិក្សានៅជំនាញដ៏សំខាន់ទាំងពីរខាងលើនេះចាប់ពីថ្ងៃនេះតទៅ។

ពាក្យសម្រាប់ចូលសិក្សាជំនាញខាងលើអាចទាក់ទងសាកសួរនៅការិយាល័យរដ្ឋបាល នៃសាកលវិទ្យាល័យអន្តរជាតិ មានអសយដ្ឋាន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕