(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងធម្មការ និងសាសនា ចេញសារាចរណែនាំ ចំពោះបញ្ហាមិនសមរម្យ ក្នុងអាជីវកម្មសត្តឃាតរួចមក រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បានបង្ហោះសារគាំទ្រមួយចំពោះចំណាត់ការនេះ ខណៈដែលលោកក៏ទើសភ្នែកអំពីបញ្ហាខាងលើផងដែរ។
ការដឹកជញ្ជួនសត្វមានជីវិតតាមផ្លូវ យកទៅកន្លែងសត្តឃាត ដោយគ្មានការបិទបាំងនេះ តែងកើតមានជារឿយៗ នៅក្នុងប្រទេសកម្ពុជា តែមិនទាន់មានចំណាត់ការណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ចនៅឡើយ។
នៅក្នុងទំព័រ Facebook ផ្លូវការរបស់លោក ខៀវ កាញ៉ារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «គាំទ្រការណែនាំនេះ ពិសេសវេទនាភ្នែកបំផុតការដឹកមាន់ ជ្រូក យកទៅកាប់។ មុនទៅដល់កន្លែងគេសម្លាប់គ្នាវេទនាណាស់។ ដឹកគោ ក្របី ក៏គួរគ្របឲ្យជិត។ ពេលខ្ញុំជិះឃើញឡានដឹកគោ ក្របី យកទៅកាប់ ខ្ញុំត្រូវបិទភ្នែក ព្រោះមិនចង់ឃើញភ្នែកវាដែលមិនដឹងអី ដូចអ្នកដែលត្រូវពួក ប៉ុល ពត បោកប្រាស់ថា ទៅសហករណ៍ថ្មី ខំរៀបចំអីវ៉ាន់ លាគេលាឯង ឥតចាប់ភ្លឹកបន្តិចណាថា គេយកទៅសម្លាប់ដូចគ្នានេះដែរ»។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ក្រសួងធម្មការ និងសាសនា បានចេញសារាចរណែនាំស្ដីពី ការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលលើការធ្វើការអាជីវកម្មសត្វមានជីវិត ក្នុងន័យណែនាំឲ្យអ្នកធ្វើអាជីវកម្មទាំងអស់រៀបចំការបិទបាំងឲ្យបានសមរម្យ ក្នុងពេលដឹកជញ្ជូនសត្វមានជីវិតទាំងនោះទៅកន្លែងសត្តឃាត៕