(ភ្នំពេញ)៖ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៤ ដែលជាគម្រោងហិរញ្ញប្បទាន របស់ប្រទេសជប៉ុន តាមរយៈអង្កការចៃកា (JICA) មានទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក ហើយ គម្រោងទាំងនេះមានទាំងការដាក់បណ្តាញលូមេ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក និងការតម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរ ទឹកនៃស្ថានីយ៍បូមទឹកជាដើម ចាប់ផ្តើមអនុវត្តន៍។
នេះបើតាមការបង្ហាញឲ្យដឹង ក្នុងកិច្ចប្រជុំដំបូងនៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន JICA ។
គម្រោងនេះ នឹងអនុវត្តន៍ការដ្ឋាន ដូចតទៅ៖ ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង៨.២គីឡូម៉ែត្រ, ២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង៤.៤គីឡូម៉ែត្រ, ៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាម នៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និង៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន២គ្រឿង។
ពាក់ព័ន្ធនឹងគម្រោងខាងលើនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាពេលកន្លងមកនេះ ក៏បានធ្លាប់បានឲ្យដឹងដែរថា គម្រោងជំហានទី៤ នៃការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូនេះ បានផ្តោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ការងាររំដោះទឹក។
ការងាររំដោះទឹកនេះចែកចេញជាពីរផ្នែកទៀត ដែលគោលបំណងធំ ឬអត្ថប្រយោជន៍ធំ គឺទទួលបាន នៅផ្នែកខាងជើងវត្តភ្នំ នៅក្នុងតំបន់ផ្លូវអមផ្លូវ និងផ្លូវ១៤៧ ដោយចាប់ពីវត្តភ្នំ រហូតទៅដល់រង្វង់មូលគួចកាណុង មានផ្ទៃប្រមាណជិត ៧០ហិកតា ដែលនឹងត្រូវរៀបចំ និងគិតគូរឲ្យមានជាស្ថានីយ៍បូមទឹកមួយកន្លែង ដែលស្ថានីយ៍បូមទឹកនេះ ជាស្ថានីយ៍ទី៥ ស្របតាមមាត់ទន្លេ មានទីតាំងនៅទល់មុខសួនច្បារ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (CDC)។
នៅក្នុងស្ថានីយ៍បូមទឹកនេះ នឹងរៀបចំឲ្យមានអាងស្តុកទឹកក្រោមដី ដែលមានសមត្ថភាព អាចស្តុកទឹកប្រមាណ ៦.០០០ម៉ែត្រគូប មុននឹងធ្វើការបូមទម្លាក់ទឹកភ្លៀង ពីអាងស្តុកទឹកចូលទៅក្នុងទន្លេ។
បន្ថែមពីការរៀបចំស្ថានីយ៍បូមទឹកនេះ នឹងមានការដំឡើងជាម៉ាស៊ីន ចាប់យកសំរាមដោយស្វ័យប្រវត្តិ ដែលកិច្ចការនេះ ជាចំណែកមួយនៃគម្រោងជំហាននទី៤ ហើយគម្រោងនេះ នឹងយកទៅបំពាក់ នៅគ្រប់ស្ថានីយ៍ទាំង៤ នៅជាប់មាត់ទន្លេ គឺស្ថានីយ៍បូមទឹកផ្សារចាស់ ស្ថានីយ៍ព្រះគម្លង់ ស្ថានីយ៍ផ្សារកណ្តាល និងស្ថានីយ៍ចតុមុខ ដែលជាស្ថានីយស្ថាបនារួចហើយ តាំងពីគម្រោងជំហាននទី២មកម្ល៉េះ។
បន្ថែមឧបករណ៍កាយសំរាមដោយស្វ័យប្រវត្តិ នៅក្នុងស្ថានីយ៍ទាំង៤ លើគម្រោងជំហានទី៤នេះ ។ អត្ថប្រយោជន៍នៃការសម្រួលផ្ទៃទឹក នៅក្នុងតំបន់ទួលគោកស្ថិតក្នុង សង្កាត់បឹងកក់១ សង្កាត់បឹងកក់២ ។
ក្នុងគម្រោងនឹងមានការរៀបចំដាក់ប្រព័ន្ធបណ្តាញលូ ក្នុងទំហំចន្លោះចាប់ពី ២ម៉ែត្រ ទៅ២,៥០ម៉ែត្រ ចម្ងាយប្រមាណជិត៧គីឡូម៉ែត្រ និងការដាក់លូប្រអប់ប្រវែង១,៥គីឡូម៉ែត្រ។
គម្រោងទាំង២នេះ គឺអាចធ្វើការរំដោះ ឬដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង បានមួយភាគបន្ថែមទៀត នៅក្នុងតំបន់ខាងលើនេះ ហើយនេះជាចំណែកមួយនៃជំហាននទី៤ នៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ដែលនឹងត្រូវអនុវត្តន៍ និងប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ៕