(ភ្នំពេញ)៖ ក្រោយរបបខ្មែរក្រហមត្រូវបានវាយផ្តួលរំលំនៅឆ្នាំ១៩៧៩ មេដឹកនាំខ្មែរក្រហម រួមនឹងទាហានខ្មែរក្រហមបានរត់សម្ងំលាក់ខ្លួន និងតាំងទីនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ និងតំបន់មួយចំនួនទៀតដូចជាក្នុងខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងព្រះវិហារជាដើម។ ជាពិសេសនៅលើខ្នងភ្នំដងរែកក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាមូលដ្ឋានតស៊ូដ៏រឹងមាំចុងក្រោយគេរបស់ខ្មែរក្រហម។
បន្ទាប់ពីតស៊ូប្រយុទ្ធប៉ុនប៉ងកាន់កាប់ដែនដីកម្ពុជាជាថ្មីអស់រយៈពេលជិត ២០ឆ្នាំ ពួកគេក៏បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។ មេដឹកនាំ និងកងទ័ពខ្មែរក្រហមនៅស្រុកអន្លង់វែង បានចុះចូលចុងក្រោយគេនៅក្នុងឆ្នាំ១៩៩៨ ហើយក៏ជាពេលដែលកម្ពុជាបានបិទបញ្ចប់ទំព័រនៃភ្លើងសង្គ្រាមទាំងស្រុងបន្ទាប់ពីឆាបឆេះអស់រយៈពេលជិត ៤០ឆ្នាំ។
តើមានមូលហេតុអ្វីនាំឲ្យមេដឹកនាំ និងទាហានខ្មែរក្រហមនៅតំបន់អន្លង់វែង និងតំបន់ដទៃទៀតចុះចូលជាមួយរាជរដ្ឋាភិបាល?
នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលកំណត់នូវគោលការណ៍ចំនួន៣ចំណុចសំខាន់ៗ គឺការធានាអាយុជីវិត ធានាមុខរបរ និងតួនាទី និងធានាទ្រព្យសម្បត្តិរបស់ខ្មែរក្រហមឲ្យនៅដដែលទាំងអស់ដូចពេលរស់ក្រោមការដឹកនាំមេដឹកនាំខ្មែរ ក្រោយពេលចុះចូលជាមួយរាជរដ្ឋាភិបាល គឺជាមូលហេតុចម្បងនាំឲ្យទាហានខ្មែរក្រហមសម្រេចចិត្តដោះអាវទាហានខ្មែរក្រហម មកគ្រងសម្លៀកបំពាក់ទាហានរាជរដ្ឋាភិបាលជំនួសវិញ។ នេះជាការបញ្ជាក់របស់លោក សឿន ភ្នំ ហៅ ម៉ែន អតីតទាហានខ្មែរក្រហមនៅក្នុងស្រុកអន្លង់វែង។
ជាបន្តសូមស្តាប់ការបញ្ជាក់របស់លោក សឿន ភ្នំ ក្នុងបទសម្ភាសន៍ជាមួយ Fresh News៖