(ភ្នំពេញ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងម៉ូតូរ៉ឺម៉កដឹកដែក បានដាច់កង់ម្ខាង ហើយក៏រ៉េចង្កូត ទៅបុកជាមួយនឹងរថយន្តសាំយ៉ុង ដឹកកម្មករ១គ្រឿង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសផ្សេងគ្នា បណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ ជនរងគ្រោះ ដែលរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចមុខវត្តកំពែង តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនបង្កមានឈ្មោះ ហ៊ុន ង៉ែតម៉ឺន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្តដឹកកម្មករ មានស្រុកកំណើត នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង។ រីឯជនរងគ្រោះដែលស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយទេ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរ៉ឺម៉កម៉ូតូដឹកដែក១គ្រឿង បានជិះចូលក្នុងបុរីមួយកន្លែង។ ខណ:ពេលនោះ ស្រាប់តែឃើញ រ៉ឺម៉កម៉ូតូដឹកដែកជិះចេញពីក្នុងបុរីមកវិញ ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយជិះបញ្ច្រាសទិសគ្នាជាមួយនឹង រថយន្តសាំយ៉ុងដឹកកម្មករ។
ភ្លាមៗនោះ ស្រាប់តែរ៉ឺម៉កម៉ូតូខាងលើ បានដាច់កង់ខាងឆ្វេង រួចក៏រ៉េចង្កូតទៅបុកជាមួយនឹងរថយន្តសាំយ៉ុង យ៉ាងពេញទំហឹង រួចមករថយន្តក៏បានរ៉េចង្កូតទៅបុកម៉ូតូ ១គ្រឿងទៀត។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្ក បានព្យាយាមគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនៅជិតនោះ ធ្វើការឃាត់ខ្លួន រួចប្រគល់ជូនទៅសមត្ថកិច្ចមូលដ្ឋាន។ នេះបើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងបន្ថែម។
ក្រោយមក សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ៕