(កំពង់ចាម)៖ ក្រោយមានការចែកចាយ និងរិះគន់ក្នុងបណ្ដាញសង្គម Facebook ពាក់ព័ន្ធជាមួយមន្ដ្រីស៊ីវិលក្របខ័ណ្ឌក្រសួងមហាផ្ទៃម្នាក់ ដែលបានថតរូបកាំភ្លើងក្នុងរថយន្ដ សំញែងគេឯងនោះ ភ្លាមៗក្រោយការបង្ហោះប៉ុន្មានម៉ោង ក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួន នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ស្នងការនគរបាលខេត្ដកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះថា ជនសង្ស័យដែលមានគណនី Facebook ឈ្មោះ Kongkia VS ហើយបង្ហោះរូបភាពបង្អួតកាំភ្លើងច្រងេងច្រងាងលើតាប្លូរថយន្តនេះ ឈ្មោះ លី វណ្ណៈ អាយុ២៧ឆ្នាំ មានទីលំនៅនៅភូមិ១ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរធ្វើការនៅក្រសួងមហាផ្ទៃ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយពីទទួលបទបញ្ជាពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម លោកបានចេញបទបញ្ជា ដល់ជំនាញពាក់ព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលនេះ ព្រមទាំងបញ្ជាឲ្យអធិការស្រុក-ក្រុងទាំង១០ កំណត់គោលដៅស្វែងរកជាបន្ទាន់។
រហូតដល់ម៉ោង១០៖០០នាទីយប់ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានស្វែងរកឃើញបុគ្គលរូបនេះ នៅមុខវត្តត្រពាំងព្រះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយបាននាំមកអធិការដ្ឋាន និងត្រួតពិនិត្យឆែកឆេរ លើរថយន្តម៉ាកឡង់រ៉ូវ៉ែ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2U-0199 ឃើញមានអាវុធ០២ដើម អាកាស្វាយវែង០១ដើម លេខ៤៣៦២ បង់មួយគ្រាប់គ្មាន និងអាវុធខ្លី០១ដើម ម៉ាក Pak លេខ០៨១៦.០០១០៤៨ បង់០១ គ្រាប់០៦។ ដោយឡែក អាវុធនេះជនសង្ស័យបានសារភាពថា ជារបស់បងឈ្មោះ ហាក់ ប៉េងឃីម អាយុ៣៤ឆ្នាំ រស់នៅជាមួយគ្នា មានមុខរបរមន្ដ្រីនគរបាល ក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ទៀតថា ក្រោយសួរនាំអាវុធទាំងពីរដើម និងរថយន្តមួយគ្រឿងខាងលើ និងជនសង្ស័យនេះ គ្មានអត្តសញ្ញាណសម្គាល់អ្វីទាំងអស់ ហើយជនសង្ស័យបានធ្វើតេស្តទឹកម៉ូត រកសារធាតុញៀនឃើញថា វិជ្ជមាន (មានសារធាតុញៀន) ខណៈដែលខ្លួនជិះរថយន្តពីភ្នំពេញ មកចូលរួមការនៅភូមិព្រៃទទឹង។
យ៉ាណាមិញវត្ថុតាងរថយន្ត និងអាវុធពីរដើមខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានដកហូត និងឃាត់ខ្លួនជនសង្ស័យ តាមបញ្ជាលោក ហួត វុទ្ធី ព្រះរាជអាជ្ញាដោយផ្ទាល់មាត់ ដើម្បីកសាងសំណុំរឿងតាមតាមនីតិវិធី។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានបញ្ជាក់ដែរថា រហូតមកដល់ព្រឹកថ្ងៃទី២០ ខែធ្នូនេះ សមត្ថកិច្ចជំនាញកំពុងបន្ដសួរនាំ និងស្រាវជ្រាវឲ្យបានលម្អិតជុំវិញករណីនេះបន្ថែមទៀត៕