Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សប្រជាជនកម្ពុជា បន្តសន្និបាតគណៈកម្មាធិការកណ្តាល នៅកោះពេជ្រ សម្រាប់ថ្ងៃចុងក្រោយ (Video Inside)

20-12-2018 08:16

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា បានបន្តរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ សម្រាប់ថ្ងៃចុងក្រោយ នៃសន្និបាតរយៈពេល៣ថ្ងៃ។

សន្និបាតនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង៣ពាន់នាក់។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា សន្និបាតធ្វើឡើងជាទៀងទាត់ ដើម្បីបូកសរុបលទ្ធផលការងារនយោបាយកន្លងមក ព្រមទាំងកំណត់ទិសដៅនយោបាយ សម្រាប់ពេលខាងមុខ ក្នុងនោះក៏នឹងមានការពិភាក្សាត្រួតពិនិត្យ ការងារបច្ចុប្បន្នរបស់គណបក្ស តើមានអ្វីខ្លះដែលសម្រេចបានជោគជ័យ អ្វីខ្លះដែលនៅសេសសល់ អ្វីខ្លះជាបញ្ហាប្រឈម និងអ្វីដែលត្រូវកែលម្អ។

នៅក្នុងពិធីសម្ពោធដាក់ដំណើរការវារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា មហាសន្និបាតនេះ នឹងពិភាក្សាលើកិច្ចការទាំងឡាយដែលត្រូវធ្វើចំពោះមុខនៃការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងនាំប្រទេសពីស្ថានភាពមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងថ្ងៃបើកសន្និបាតនេះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានថ្លែងក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ថា មិនត្រូវមិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះឡើយ ព្រោះគ្រប់សមរភូមិភារកិច្ចសុទ្ធតែមានបញ្ហាប្រឈម ឬយថាហេតុនៃហានិភ័យដែលអាចកើតមានឡើង។

សម្តេច ហេង សំរិន បានចាត់ទុកការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលុបជាប្រវត្តិសាស្ត្រមួយនេះ គឺជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា តែសម្តេចបានក្រើនរំលឹកដល់សមាជិកបក្សទាំងអស់ថា មិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះនេះឡើយ ព្រោះគ្រប់សមរភូមិភារកិច្ចសុទ្ធតែមានបញ្ហាប្រឈម ឬយថាហេតុនៃហានិភ័យដែលអាចកើតមានឡើង។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច៥អាណត្តិមកនេះ នាពេលបច្ចុប្បន្ន មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ បន្ទាប់ពីបញ្ចូលថ្មីចំនួ​ន ៣៤២នាក់បន្ថែមទៀតកាលពីមហាសន្និបាត ខែមករា ឆ្នាំ២០១៨៕